(ព្រះវិហារ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក អ៊ុង សំអាត រដ្ឋលេខាធិការ ទទួលបន្ទុករដ្ឋបាលព្រៃឈើ, លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការី នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញមកពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាព នៃការអភិវឌ្ឍដំណាំសូត្រ របស់ក្រុមហ៊ុនឆាយណាហ្គ្រេតខល ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។

លោកនាយកគ្រប់គ្រងទូទៅបានរាយការណ៍ជូនលោករដ្ឋមន្រ្តី វេង សាខុន ជ្រាបថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ច ដែលទទួលបាន ពីរាជរដ្ឋាភិបាល កម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៥,៨៧១ហិកតា ធ្វើការដាំដុះដំណាំកសិ-ឧស្សាហកម្ម ប្រភេទដំណាំប្រទាល Sisal ជាវត្ថុធាតុដើម ប្រើប្រាស់ជាប្រយោជន៍សម្រាប់ផលិតសសៃសូត្រ ធ្វើខ្សែពួរប្រើក្នុងកប៉ាល់ ផលិតបាវ ជាផលិតផលធន់នឹងទឹកប្រៃ ស្វិតជាប់បានល្អ។

បច្ចុប្បន្ន ដាំបាន១,២០០ហិកតា ក្នុងនោះ ដាំដំណាំសូត្រ បាន១៨០ហិកតា ដោយប្រើប្រាស់កំលាំងពលកម្ម ក្នុងស្រុកចំនួន៨០នាក់ និងមួយចំនួនធំទៀត ធ្វើការម៉ៅ (ជាចំការ និងគិតថ្ងៃ) និងជំនាញការចិន៩នាក់។

នៅឆ្នាំ២០២១ គ្រោងនឹងបង្កើតរោងចក្រផលិតសរសៃសូត្រ និងកែច្នៃ ហើយពង្រីកផ្ទៃដីដាំដុះបន្ថែម ដើម្បីបង្កើនបរិមាណបំពេញ ឲ្យតម្រូវការរោងចក្រ។ ដំណាំសូត្រ មានអាយុ២ឆ្នាំ អាចប្រមូលផលបានហើយ ក្នុង១ឆ្នាំ អាចប្រមូលផលបាន៣ដង ហើយក្នុង១ហិកតា អាចផ្តល់ផល២៥-៣០តោន ក្នុង៣០តោនអាចផលិត បានសរសៃសូត្របាន៣តោន ហើយក្នុង១តោន សរសៃសូត្រមានតម្លៃ ១៥០០-២០០០ដុល្លារ។

លោកបានបញ្ជាក់បន្ថែមថា វាជាប្រភេទដំណាំងាយដាំ មិនរើសដី ត្រូវការទឹកតិច ធននឹងអាកាសធាតុក្តៅ និងផ្តល់ទិន្នផលខ្ពស់។

លោករដ្ឋមន្ត្រី វេង សាខុន បន្ទាប់ពីបានអញ្ជើញចុះពិនិត្យចំការរួច លោកបានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ឲ្យខិតខំពង្រីកផ្ទៃដីដាំដុះ តាមផែនការ ដែលបានគ្រោងទុក និងបង្កើតរោងចក្រផលិត និងកែច្នៃ ឲ្យបានទាន់ពេលដើម្បីចូលរួមអភិវឌ្ឍតំបន់នេះ ឲ្យក្លាយជាតំបន់ឧស្សាហកម្មសរសៃសូត្រ នាពេលអនាគត និងជាពិសេសបង្កើតការងារ និងប្រើប្រាស់ពលកម្មនៅមូលដ្ឋាននេះ ឲ្យអស់លទ្ធភាព។

លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យក្រុមហ៊ុន យកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសារ របស់កម្មករដែលបម្រើការ ឲ្យក្រុមហ៊ុនទាំងអ្នក ធ្វើការពេញម៉ោង និងក្រៅម៉ោង ដើម្បីរក្សាភាពឈ្នះ-ឈ្នះ រវាងនិយោជក និងនិយោជិត ក្នុងកាលៈទេសៈដែលយើង កំពុងជួបវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។

ក្រុមហ៊ុនត្រូវសហការ ឲ្យបានពេញលេញជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តច្បាប់ គោលការណ៍ណែនាំ ផែនការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាប្រើប្រាស់ធនធានដីនេះ ឲ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម និងសេដ្ឋកិច្ច៕