(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួង នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនតំណាងព្រះសង្ឃចំនួន៤១ វត្តនៅស្រុកកោះធំ ខេត្តកណ្ដាល។

ពិធីប្រគេនទេយ្យវត្ថុនិងបច្ច័យ បានប្រព្រឹត្តទៅនៅវត្តព្រែកតាដួង ឋិតក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងពុទ្ធបរិស័ទចំណុះជើងវត្ត និងមានការប្រារព្វពិធីតាមបែបព្រះពុទ្ធសាសនាដូចជា៖ ធ្វើកិច្ចនមស្សការ ថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀនទេយ្យវត្ថុ និងគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ។

ទេយ្យវត្ថុដែលត្រូវបាននាំយក ទៅប្រគេនតំណាងព្រះសង្ឃ៤១វត្តនាឱកាសនោះ រួមមានគ្រឿងបរិក្ខារ និង សម្ភារផ្សេងៗ ដោយក្នុងមួយវត្តទទួលបានអង្ករចំនួន២០០គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ មីមួយ កេសធំ ត្រីខ៤យួរ ទឹកសុទ្ធ២កេស ទឹកក្រូច២កេស និងថវិកាចំនួន៥០ម៉ឺនរៀល សរុបជាថវិកាចំនួន ៤០,៨៧៧,០០០រៀល និង ២,៩៤៣.៨០ ដុល្លារអាមេរិក។

ពិធីនេះរៀបចំឡើង ដើម្បីឧទិសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមាន ដល់ក្រុមគ្រួសារមន្ត្រីរាជការក្រោមឱវាទក្រសួង បងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះផងដែរ ក្រោយពេលចប់ពិធីតាមបែបព្រះពុទ្ធសាសនា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារជិះកង់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំកោះធំ (ខ) ដោយចេញដំណើរពីវត្តព្រែក តាដួងឆ្ពោះទៅវត្តសំប៉ាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ ក៏ដូចជាទុក្ខលំបាករបស់ពួកគាត់ ដោយបាននាំយកសាប៊ូលាងដៃ និងក្រម៉ាទៅចែកជូនដើម្បីចូលរួមទប់ស្កាត់ និងបង្ការមេរោគកូវីដ១៩ផងដែរ។

ក្នុងដំណើរជិះកង់ចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនេះ លោកទេសរដ្ឋមន្ត្រីបានចុះពិនិត្យវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង និងបានណែនាំឱ្យគណៈគ្រប់គ្រងសាលាជួសជុលសាលារៀនពីរខ្នង ក្នុងមួយខ្នងមាន៦បន្ទប់ ដោយមានការចាក់សាប និងប្តូរទ្វារបង្អួចពីដែកទៅឈើ ដើម្បីបង្កើនសោភ័ណភាពថែមមួយកម្រិតទៀត សម្រាប់សិស្សានុសិស្សសិក្សាអង្គុយរៀនសូត្រ ប្រកបដោយផាសុកភាព ៕