(ភ្នំពេញ)៖ ជាការឆ្លើយតបនឹងចម្ងល់របស់ប្រជាពលរដ្ឋ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានអះអាងថា ទោះបីជាពេលនេះ មានចំនួនអ្នកជំងឺដែលព្យាបាលជាសះស្បើយមានកាន់តែច្រើន ហើយអ្នកជំងឺដែលកំពុងព្យាបាលមានចំនួនត្រឹម៥នាក់ក៏ដោយ កម្ពុជាមិនទាន់អាចបន្ធូរវិធានការការពារជំងឺកូវីដ១៩ ណាមួយបាននៅឡើយទេ ព្រោះជំងឺកូវីដ១៩ អាចនឹងវាយលុកសារជាថ្មី។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនទាន់អាចបន្ធូរដៃបាននៅឡើយទេ ថ្វីដ្បិតតែបងប្អូនប្រជាពលរដ្ឋ ហាក់ដូចជាចេញមកប្រកបរបរតាមជីវភាពរបស់នៅរបស់ពួកគាត់ពិតមែន ប៉ុន្តែវិធានការការពារ និងវិធានការនានានៅតែមានសុពលភាព នៅតែដាក់ចេញឱ្យអនុវត្តជាធរមាននៅឡើយទេ ដោយសារស្ថានភាពរបស់យើងស្ថិតនៅក្នុងសភាពមួយ ដែលខ្ញុំតែងតែពន្យល់ហើយថា នៅផុយស្រួយណាស់ ទោះបីជាយើងមិនមានការរកឃើញនូវករណីវិជ្ជមានថ្មីវីរុសកូវីដ១៩ ហើយអ្នកជាសះស្បើយមានចំនួនច្រើនពិតមែន»

របាយការណ៍បង្ហាញតាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខេមេសានេះ មានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៧នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់ ១១៧នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ចំនួន១២២ករណី នៅក្នុងប្រទេសកម្ពុជា។

គិតចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មកទល់នឹងពេលនេះ មានរយៈពេលជាង២០ថ្ងៃមកហើយ មិនមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាទេ ខណៈដែលអ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ទៀតថា ទោះបីជាកម្ពុជាជាសះស្បើយច្រើនក៏ដោយ ប៉ុន្តែបើក្រឡែកមើលឃើញប្រទេសជុំវិញកម្ពុជា គឺស្ថានភាពជំងឺនេះនៅវាយលុកនៅឡើយ ហើយប្រទេសនានានៅលើពិភពលោក នៅមានផ្ទុះខ្លាំងក្លានៅឡើយដែរ។ លោកស្រីបន្តថា ប្រសិនបើយើងមិនបន្តអនុវត្តវិធានការការងារ ដែលយើងធ្លាប់ដាក់ចេញមក ជាពិសេសបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទោះនោះ យើងអាចនឹងគ្រោះថ្នាក់ដោយហេតុថា «យើងអាចភ្លេចវីរុសកូវីដ១៩ ហើយវីរុសកូវីដ១៩ មិនអាចភ្លេចយើងទេ»

លោកស្រីបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសុខាភិបាល នឹងពិភាក្សាជាមួយអង្គការសុខភាពពិភពលោកជាបន្តបន្ទាប់ទៀត មុននឹងមានវិធានការយ៉ាងណាទៀត។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,៨២៨,៥៧៥ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ១៩៧,០៩០នាក់ និងជាសះស្បើយឡើងវិញ ៧៩៨,៣៧១នាក់៕