(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺមិនទុកឲ្យប្រជាជនណាម្នាក់រងគ្រោះដោយមិនបានដោះស្រាយនោះទេ ហើយក្នុងនោះរាជរដ្ឋាភិបាលបានគិតគូយ៉ាងខ្លាំងពីសុខភាព ជីភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺប្រជាជនដែលប្រឈមនិងការខ្វះខាតផងដែរ។

សម្រាប់ក្នុងពេលនេះដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងក្រសួងពាក់ព័ន្ធ បាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីសិក្សារកប្រជាជនដែលងាយរងគ្រោះពិតប្រាកដ ផ្តល់នូវជំនួយដល់ពួកគាត់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។

ជាកស្តែងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក វង សូត និងមន្រ្តីជំនាញមួយចំនួន បានចុះដោយផ្ទាល់តាមរយៈវេទិការសាធារណៈមួយក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យមើលប្រជាជនដែលក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ព្រោះដឹងហើយថា នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុខភាព សុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាជនទាំងអស់ ពិសេសប្រជាជនដែលមានជីវភាព ខ្វះខាត និងងាយរងគ្រោះ។

លោកបានបញ្ជាក់ផងដែរថា ក្រសួងបានរៀបចំក្រុមការងារចុះពិនិត្យដោយផ្ទាល់ ពីស្ថានភាពរស់នៅរបស់ប្រជាជន ក្នុងនោះត្រូវប្រាកដថា គ្រួសារណាមានជីវភាពក្រីក្រពិតប្រាកដ ដើម្បីជួយឧបត្ថម្ភដល់ពួកគាត់ ហើយសូមអ្នកដែលមានជីវភាពធូរធារកុំច្រណែន និងអ្នកក្រីក្រដែលទទួលបានការឧបត្ថម្ភនេះ៕