(ព្រៃវែង)៖ ករណីចោរមួយក្រុមប្រហែល៥នាក់ ប្រដាប់ដោយកំាំភ្លើង AK ២ដើម និងកាំភ្លើងខ្លីមួយដើម ចូលទៅភ្ជង់ វាយ និងប្លន់យកទ្រព្យសម្បត្តិនៅផ្ទះដាក់ Wing ក្នុងឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យ ជនរងគ្រោះជាម្ចាស់ម្នាក់ និងអ្នកជិតខាងម្នាក់រងរបួស ខណៈទ្រព្យសម្បត្តិមួយចំនួន ត្រូវបានបាត់បង់។

លោកឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន មេបញ្ជាការ អាវុធហត្ថខេត្តព្រៃវែង បានប្រាប់អង្គភាព Fresh News ថា រហូតមកដល់ពេលនេះ (ម៉ោង១០៖០៦នាទី) កម្លាំងរបស់លោក និងកម្លាំងនគរបាល បានចុះទៅជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ ដើម្បីសួរនាំដំណើររឿង ក៏ដូចជាភិនភាគក្រុមចោរប្រដាប់អាវុធទាំងនេះ។

លោកឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន បានបញ្ជាក់ថា តាមមន្រ្តីរបស់លោករាយការណ៍ ដោយសួរនាំទៅជនរងគ្រោះនោះ គឺក្រុមចោរមានគ្នាប្រហែល៥នាក់ កាំភ្លើងវែង២ដើម (AK) និងកាំភ្លើងខ្លីមួយដើម ដោយបានចូលទៅភ្ជង់ នៅផ្ទះជនរងគ្រោះ និងបានវាយម្ចាស់ផ្ទះម្នាក់ អ្នកជិតខាងម្នាក់ ពេលរត់មកជួយ។

លោក សេង សុភក្រ្ត ស្នងការរងនគរបាល ខេត្តព្រៃវែង ក៏បានបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ច កំពុងតែធ្វើរឿងនេះ ដើម្បីតាមចាប់ក្រុមចោរប្លន់ ប៉ុន្តែលោកមិនទាន់អាច ប្រាប់ពីដំណើររឿងលំអិតនៅឡើយទេ។

សូមបញ្ជាក់ថា នៅក្នុងករណីនេះកម្លាំងសមត្ថកិច្ច និងក្រុមចោរក៏បានបាញ់តដៃគ្នាជាច្រើនគ្រាប់ផងដែរ ប៉ុន្តែមិនមានព័ត៌មាន នៃការរងរបួស ឫស្លាប់នោះទេ៕