(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យ​ អគ្គស្នងការដ្ឋាន​នគរបាលជាតិនគរបាលជាតិ បានថ្លែងឲ្យដឹង នៅក្នុងសន្និសីទកាសែត កាលពីវេលាម៉ោង១១ ព្រឹកមិញថា ក្រុមការងារអន្តរក្រសួងរួមមាន ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ចូន ក្រសួងយុត្តិធម៌ ក្រសួងឧស្សហកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ គ្រោងនឹងប្រជុំធ្វើសេចក្តីពង្រាងវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅសប្តាហ៍ក្រោយ។

ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានថ្លែងថា «ក្រុមការងារអន្តរក្រសួងដែលទើបបង្កើតឡើង កាលពីពេលថ្មីៗនេះ នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ​ដើម្បីធ្វើសេចក្តីពង្រាងវិសោធន​កម្មច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅសប្តាហ៍ក្រោយ ពោលគឺអាចនឹងរៀបចំធ្វើនៅថ្ងៃអង្គារខាងមុខនេះ។ ក្រុមការងារ មួយនេះ ក៏បានធ្វើសេចក្តីព្រាង មួយ​ជំហានហើយទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ថា មានមាត្រាណាខ្លះ ដែលត្រូវកែសម្រួល ពីព្រោះជាគឺជារឿងបន្ទាន់មួយដែលទាមទារឲ្យមានការប្រជុំឲ្យបានឆាប់បំផុត»។

គួរបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្រោយពីមានការអនុវត្ត មិនប៉ុន្មនាថ្ងៃនោះ​ក៏មានប្រតិកម្ម ជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ។ ប្រតិកម្មរបស់ប្រជាពលរដ្ឋ បានជុំរុញឲ្យសម្តេចតេជោ ហ៊ុន សែន កែសម្រួលច្បាប់ចរាចរណ៍នេះជាអន្លើៗ៖

* សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា ការធ្វើប័ណ្ណបើកបរម៉ូតូចាស់ ដែលមានតម្លៃ ៧៤០០០រៀល បូករួមទាំងពិនិត្យសុខភាពនោះ ពេលនេះធ្លាក់មកនៅត្រឹម ២៥០០០រៀល ហើយ មិន​តម្រូវឲ្យមានការប្រឡង ឬពិនិត្យសុខភាពនោះឡើយ។ សម្តេចតេជោ ក៏បានប្រកាសផងដែរថា សម្រាប់អ្នកដូរប័ណ្ណបើកបរម៉ូតូ យកតម្លៃត្រឹម ២ម៉ឺនរៀលប៉ុណ្ណោះ។

* នៅថ្ងៃទី០៦ខែមករា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសសម្រេចលុបចោលប័ណ្ណបើកបរ ទោចក្រយានយន្ត ដែលមានកម្លាំងពីចាប់ពី 125CC ចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទៀតទេ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទៀតថា ប្រសិនបើប្រជាពលរដ្ឋបានបង់លុយ សម្រាប់ថ្លៃប្រឡងយកប័ណ្ណបើកបរម៉ូតូ (125CCចុះក្រោម) រួចហើយ គឺបងប្អូនប្រជាពលរដ្ឋអាច មកទទួលប្រាក់វិញគ្រប់ៗគ្នា។ រាជរដ្ឋាភិបាល នឹងបង់ថវិកាសងវិញគ្រប់ចំនួន ទៅតាមតម្លៃផ្លូវការដែលបានបង់រួចពីមុន។ ​

* នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសឲ្យដឹងដែរថា ចំពោះពលរដ្ឋដែលមានម៉ូតូកម្លាំង125cc ចុះក្រោម ហើយចង់ឲ្យសមាជិកគ្រួសារប្រើប្រាស់ទោះបីចំនួន ៣ ឬ៤នាក់ ឬច្រើនជាងនេះ គឺអាចប្រើប្រាស់ម៉ូតូបានដោយមិនចាំបាច់ស្នើសុំលិខិត បញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រសិនបើម្ចាស់ម៉ូតូយល់ព្រមឲ្យខ្ចីជិះ។ រាជរដ្ឋាភិបាលកម្ពុជា នា​​ថ្មី​​ៗនេ​បានសម្រេចឱ្យប្រជាពលរដ្ឋធ្វើប័ណ្ណសម្គាល់ម៉ូតូ ដោយពុំចាំបាច់បិទរូបថត តាមសំណើរបស់ក្រសួងមហាផ្ទៃ។

* នៅថ្ងៃទី០៩ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដោយ អនុញ្ញាតឲ្យម្ចាស់រថយន្ត និងម៉ូតូទាំងអស់ មិនចាំបាច់បញ្ជាក់ពីម្ចាស់ដើម បើទិញតពីគេហើយយកទៅកាត់ឈ្មោះ ក្នុងករណីយរថយន្តឬម៉ូតូមិនទាន់បង់ពន្ធត្រូវបង់ពន្ធតាមច្បាប់។ នៅពេលខាងមុខពេលទិញរថយន្ត ឬម៉ូតូត្រូវមានការបញ្ជាក់ត្រឹមត្រូវ ពីអ្នកលក់ទើបងាយស្រួលទាំងអស់គ្នា។

* នេះគឺជាការសម្រេចសំខាន់ៗដែលសម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសកែសម្រូលកាលពីពេលថ្មីៗនេះ ក្រោយពីច្បាប់ចរាចរណ៍ផ្លុវគោកថ្មី ចាប់​ផ្តើមអនុវត្តកាលពីថ្ងៃទី០១ខែមករា ឆ្នាំ២០១៦៕