(ភ្នំពេញ)៖ លោក វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល បានអះអាងថា ការផលិតអគ្គិសនីកម្ពុជា ប្រើប្រាស់ប្រេងតែ ៥ភាគរយតែប៉ុណ្ណោះ ដូច្នេះ ការធ្លាក់ចុះនៃតម្លៃប្រេង គឺមិននាំឱ្យថ្លៃអគ្គិសនីធ្លាក់ចុះនោះទេ។

ការអះអាងបែបនេះ របស់លោក វិចទ័រ ហ្សូនា បានធ្វើឡើងនៅព្រឹកថ្ងៃ២១ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកអញ្ជើញធ្វើជាវិគ្មិន ក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកបានអះអាងយ៉ាងដូច្នេះថា៖ «ចង់ជម្រាបសួរបងប្អូនថា ឱ្យបានដឹងថា ការផ្អត់ផ្អង់ថាមពលបច្ចុប្បន្ននេះ បើយើងគិតជាសមាសភាព បានមកពីប្រែងដែលចូលរួមការផលិតតែ ៥ភាគរយទេ ហើយការផលិតពីវ៉ារីអគ្គិសនី ក្នុង ៣៣ភាគរយ ពីធ្យូងថ្មបរិមាណប្រហាក់ប្រហែល ៣២ភាគរយ ការនាំចូលពីប្រទេសជិតខាង រួមមានប្រទេសថៃ, ឡាវ វៀតណាម មានប្រមាណ ៣៥ភាគរយ ព្រមទាំងបានមក ពីថាមពលផ្សេងទៀត បានប្រមាណ ២ភាគរយ [...] ខ្ញុំគិតថា ទោះជាបច្ចុប្បន្ននេះ ប្រេងចុះប៉ុណ្ណឹងក៏ដោយបើសិនជាយើង ផលិតអគ្គិសនីដោយសារប្រេង ប្រហែលប្រេងរាល់ថ្ងៃ មានតម្លៃលើសបច្ចុប្បន្ននេះ បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋដែលទទួលបានការផ្គត់ផ្គង់ពីបណ្តាញជាតិ ក្នុងបរិមាណ ៩០ភាគរយ អ្នកទាំងឡាយដែលបានទទួលការផ្គត់ផ្គង់ពីម៉ាស៊ីនតូចៗ នៅជនបទថ្លៃភ្លើងខ្ពស់ជាង ២០០០រៀល បើយកប្រេងទៅផលិតជាអគ្គិសនី នៅលើស ២០០០រៀល នាបច្ចុប្បន្ន»

លោក បានបន្តថា ជាយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រសួងនឹងពង្រឹកបណ្តាញជាតិឱ្យគ្របដណ្តប់ដល់ភូមិឋានប្រជាពលរដ្ឋ នៅតាមជនបទ ដើម្បីឱ្យពួកគាត់ទទួលបានផលប្រយោជន៍ ចំពោះតម្លៃអគ្គិសនីសមរម្យ ក្នុងពេលបច្ចុប្បន្ននេះ ដែលកំពុងតែទទួលបាន គឺការប្រើប្រាស់លើសពី ២០០គីឡូវ៉ាត់ម៉ោង ឡើងទៅមានតម្លៃ ៧០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយការប្រើប្រាស់ក្រោមនេះ វាអាចចុះរហូតដល់តម្លៃ ៣៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ជាដើម ទាំងនេះជាការគិតគូរដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ផងដែរ។

លោក បានបន្ថែមទៀតថា កម្ពុជា បន្តធ្វើការរកស៊ីអគ្គិសនី ទៅតាមការកំណត់ថ្លៃតាមរយៈអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តរភាព លើការផ្គត់ផ្គង់អគ្គិសនី ប្រសិនបើអ្នកប្រើប្រាស់ចង់បានតម្លៃអគ្គិនសី មានតម្លៃថោក ហើយអត់មាននិរន្តរភាព លោកជឿជាក់ថា ពេលណាមួយ នឹងអស់អគ្គិសនីប្រើប្រាស់ទាំងអស់គ្នា ហើយក្នុងករណីផលិតថ្លៃដើម និងថ្លៃលក់ចេញអត់មានសមាមាត្រ ដែលធ្វើឱ្យអង្គភាពមួយរស់បានពេលនោះ នឹងធ្វើឱ្យការផ្គត់ផ្គង់ មានភាពរអាក់រអួល អាចនឹងបង្កឱ្យប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច ជាពិសេសវាអាចបង្ក ឱ្យប៉ះពាល់ដល់វិស័យឧស្សាហកម្មនានា ផងដែរ។

លោក បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្ននេះ តម្លៃប្រេងបន្តនៅទ្រឹង ក៏ប៉ុន្តែ កន្លែងដែលទទួលការផលិត និងទីតាំងផលិតអគ្គិសនីពីប្រេង តម្លៃអគ្គិសនី នៅតែលើសពី ២០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដូច្នេះ ប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលគ្រប់ដណ្តប់ដោយបណ្តាញអគ្គិសនីជាតិ គឺប្រាកដណាស់នឹងទទួលបានតម្លៃអគ្គិនីសមរម្យ ផងដែរ៕