(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គម Facebook ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យខេត្ត-រាជធានី ​សាក​ល្បងឲ្យប្រជាជនគ្រប់គ្រងផ្សារដោយខ្លួនឯងវិញ។ ចំណែកឯរឿងទិញដីច្រើនតំណគ្នា ក៏នឹងត្រូវដោះស្រាយតាមបែបករណីឡាន និងម៉ូតូដែរ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរបញ្ជាក់យ៉ាងដូច្នេះនៅលើ Facebook ថា៖ «សម្តេច ហ៊ុន សែន ស្នើឲ្យខេត្ត រាជធានី សាកល្បងឲ្យប្រជាជនគ្រប់គ្រងផ្សារដោយខ្លួនឯងវិញ។ ពេលនេះរឿងទិញដីច្រើនតំណ ក៏នឹងដោះស្រាយតាមបែប រឿងឡាន និង ម៉ូតូដែរ»

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ បានប្រកាសដោយអនុញ្ញាតឲ្យម្ចាស់រថយន្ត និងម៉ូតូទាំងអស់ មិនចាំបាច់បញ្ជាក់ពីម្ចាស់ដើម បើ​ទិញតពីគេហើយ។ ការប្រកាសបែបនេះធ្វើឡើងដោយឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ នៅលើបណ្តាញសង្គម Facebook។

យ៉ាងណាក៏ដោយ នៅមិនទាន់មានការអត្ថាធិប្បាយច្បាស់លាស់យ៉ាងណានៅឡើយទេ ពីសំណាក់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជុំវិញការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីស្នើឲ្យខេត្ត-រាជធានី​សាក​ល្បងឲ្យប្រជាជនគ្រប់គ្រងផ្សារដោយខ្លួនឯងវិញ។ ចំណែកឯរឿងទិញដីច្រើនតំណតទៅគ្នា ក៏នឹងត្រូវដោះស្រាយតាមបែប រឿងឡាននិងម៉ូតូនៅឡើយ ដែលអង្គភាព Fresh News បានទាក់ទង តែគ្មានការឆ្លើយតប៕