(​ហាណូយ​)៖ ប្រទេស​វៀតណាម បាន​ចេញ​សេចក្តី​ព្រមាន​ជា​លើក​ទី​ពីរ ចំពោះ​ប្រទេស​ចិន ដោយ​បាន​ចោទប្រកាន់​ប្រទេសជិតខាង​មួយ​នេះ​ថា បាន​គំរាមកំហែង​ដល់​សន្តិភាព​ពិភពលោក បន្ទាប់ពី​បាន​ចុះចត​យន្តហោះ​នៅ​លើ​ប្រជុំ​កោះ​កំពុង​មាន​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៦​នេះ​។​

​សូមជម្រាបថា កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ សារព័ត៌មាន​ចិន បានឲ្យដឹងថា យន្តហោះ​ស៊ីវិល​ពីរ​គ្រឿង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ចុះចត​នៅលើ​កោះ​មួយ​ក្នុង​ប្រជុំ​កោះ Spratly ដែល​កំពុង​មាន​ជម្លោះ ដោយ​កោះ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ហាណូយ​ប្រកាសថា ជា​កម្មសិទ្ធិ​របស់​ខ្លួន តែ​បែរជា​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​ចិន​ទៅវិញ​៕​