(ភ្នំពេញ)៖ នាយរងផ្នែកឃោសនា និងល្បាតត្រួតពិនិត្យ និង ជាអ្នកបើករថយន្តឲ្យលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យផងនោះ បានជិះម៉ូតូទៅបុកបង្កាន់ដៃស្ពានអាកាស ៧ មករា ដួលបោកក្បាលស្លាប់ភ្លាមៗនៅលើស្ពាន នាម៉ោង ៩៖៥០នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៦នេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមន្រ្តីនគរបាលជាជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស គ្មានស្លាកលេខ នៅលើស្ពានអាកាស ៧ មករា។ លុះជិះដល់ចំណុចកើតហេតុ បានជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅលើស្ពានតែម្តង។ ចំណែកម៉ូតូវិញ បាត់រត់ចុះពីលើស្ពានទៅដល់ដី ចម្ងាយពីសពជនរងគ្រោះប្រ ហែលជា ១០០ម៉ែត្រ បានអស់ល្បឿន។

បើតាមសំដីសមត្ថកិច្ចបានប្រាប់ថា មន្ត្រីនគរបាល ដែលស្លាប់មានឈ្មោះ ហុក សាបាន។ ក្រោយពេលសមត្ថកិច្ចពិនិត្យរួចរាល់ហើយ នោះ សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕