(ភ្នំពេញ)៖ ខ្សែកផ្លាកទីនទម្ងន់៥ជី របស់អ្នកលក់សាំងម្នាក់ តាមដងផ្លូវត្រូវជនសង្ស័យ ២នាក់ ជិះម៉ូតូសង់កូរ៉េ១គ្រឿង មកបន្លំចាក់សាំងរួចធ្វើសកម្មភាព ឆក់ខ្សែក យកទៅបាត់បង្កឲ្យមានការ ភ្ញាក់ផ្អើល ពេលនោះកម្លាំងនគរបាល ប៉ុស្ដិ៍ស្វាយប៉ាក បានដេញតាមចាប់ក្របួចម្នាក់ភ្លាមៗ ខណៈម្នាក់ទៀត បានយកខ្សែ ករត់គេចខ្លួន បាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង០២និង០០នាទី រសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ នៅចំណុចទល់មុខ ផ្ទះលេខ១១៥G តាមបណ្ដោយ ផ្លូវជាតិលេខ៥ ក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នាយប៉ុស្ដិ៍ស្វាយប៉ាកលោក គីម សាន្ដ បានប្រាប់ភ្នាក់ងារ Fresh News ថា ចោរឆក់ម្នាក់ដែលចាប់ខ្លួនឈ្មោះ លី រ៉ូហ្សា អាយុ២២ឆ្នាំ មានមុខរបរ មិនពិតប្រាកដ។ ចំណែកបក្ខពួកដែលរត់គេចខ្លួនឈ្មោះ យ៉ុន អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅ ក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ជាមួយគ្នា ។ រីឯជនរងគ្រោះឈ្មោះ ឡុក ធីយីវ អាយុ៣៩ឆ្នាំ មានមុខរបរជាអ្នកលក់សាំង ស្នាក់នៅចំណុច កើតហេតុខាងលើ។

លោកនាយប៉ុស្ដិ៍បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា២នាក់ បានមកបន្លំចាក់សាំងម៉ូតូ ដោយជនរងគ្រោះកំពុងចាក់សាំង ស្រាប់តែជនសង្ស័យ ឈ្មោះ យ៉ុន បានឆក់ខ្សែក ពីជនរងគ្រោះ រត់ឡើងជិះម៉ូតូបើករត់គេចខ្លួន ត្រូវជនរងគ្រោះស្រែកផ្អើល ដល់កម្លាំងសមត្ថកិច្ច ដែលល្បាតនៅក្បែរនោះ បើកម៉ូតូដេញស្ទាក់ព័ទ្ធចាប់ ជនសង្ស័យជាអ្នកបើក ម៉ូតូបានភ្លាមៗ រួមនិងមធ្យោបាយធ្វើដំណើរ របស់ជនសង្ស័យមានម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ១CB.០៤៧៥។

ដោយឡែក ជនសង្ស័យជាបក្ខពួកម្នាក់ទៀត បានយកខ្សែករត់គេចខ្លួន សំដៅព្រៃក្បែរហ្គ្រេនភ្នំពេញបាត់ស្រមោលតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ដែលត្រូវចាប់ចាប់ខ្លួន ស្ថិតនៅអធិការដ្ឋាន នគរបាល ខណ្ឌឫស្សីកែវ ដើម្បីបន្តរៀបចំសំនុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ និងបន្តស្រាវជ្រាវរកចាប់ខ្លួនបក្ខពួកម្នាក់ទៀត យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕