(ភ្នំពេញ)៖ ពលរដ្ឋកូរ៉េខាត្បូងកំពុងរស់នៅកម្ពុជា ១៣នាក់ តំណាងឲ្យប្រជាពលរដ្ឋ និងពាណិជ្ជករកូរ៉េនៅកម្ពុជា ១៥.០០០នាក់ បានជួបជុំគ្នាតវ៉ាប្រឆាំងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៤ របស់កូរ៉េខាងជើង ដែលបានធ្វើឡើង កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦កន្លងនេះ។

ការជួបជុំតវ៉ារបស់ពលរដ្ឋកូរ៉េខាងត្បូងនៅកម្ពុជានេះ បានធ្វើឡើងនៅអគារ Phnom Penh Tower តាមបណ្តោយវិថី ព្រះមុនីវង្ស  ក្នុងខណ្ឌដូនពេញ នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ។ ការជួបជុំនេះ មានរយៈពេលប្រមាណតែ ១០នាទី។

ក្រុមប្រជាពលរដ្ឋកូរ៉េ កំពុងរស់នៅកម្ពុជា បាននាំគ្នាថ្កោលទោសដាច់អហង្កការ ចំពោះការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនេះ ដែលជាការបំពានការព្រមាន និង ក្តីព្រួយបារម្ភរបស់អង្គការ សហប្រជាជាតិ សហគមន៍អន្តរជាតិ និង រដ្ឋាភិបាលកូរ៉េខាងត្បូងផងដែរ។

ក្រុមអ្នកតវ៉ា បានជំរុញឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ចាត់វិធានការដ៏ម៉ឹងម៉ាត់ តាមរយៈការបង្កើនសន្តិសុខ ការផ្ញើកំណត់ទូតតវ៉ា ក៏ ដូចការឆ្លើយតបដោយកម្លាំងទ័ព ដើម្បីប្រឆាំងការគំរាមកំហែងរបស់កូរ៉េខាងជើង។

ពួកគេ ក៏បានទទូចឲ្យជនរួមជាតិកូរ៉េខាងត្បូងនៅទូទាំងពិភពលោក ចូលរួមប្រឆាំងជាមួយទង្វើរបស់កូរ៉េខាងជើង។ ក្រុមប្រជា ពលរដ្ឋកូរ៉េខាងត្បូង ដែលអះអាងថា ខ្លួនស្រឡាញ់សន្តិភាពនោះ បានជំរុញឲ្យសហគមន៍អន្តរជាតិ និង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការដ៏តឹងរឹង ប្រឆាំងជាមួយការគំរាមកំហែងរបស់កូរ៉េខាងជើង។

ក្រុមអ្នកតវ៉ា ក៏បានទទូចឲ្យកូរ៉េខាងជើង ធ្វើជាប្រទេសមួយមានទំនួលខុសត្រូវខ្ពស់ និង ត្រឡប់ចូលពិភាក្សាជាមួយសហគមន៍ អន្តរជាតិ ប្រសើរជាងការសាកល្បងអាវុធនុយក្លេអ៊ែរ ដែលធ្វើឲ្យប្រជាជាតិកូរ៉េត្រូវវេទនា និង ប្រឈមមុខជាមួយវិបត្តិសេដ្ឋកិច្ចដ៏ ធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ លោក គីម ជុនអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង បានប្រកាសបង្ហាញពីភាព  ជោគជ័យ នៃការបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន។ តែអ្នកជំនាញអាមេរិក បានលើកឡើងថា គ្រាប់បែកអ៊ីដ្រូសែន មានអនុភាពខ្លាំងជាង  ៧ដង នៃគ្រាប់បែក ដែលត្រូវបានសហរដ្ឋអាម៉េរិកទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥កន្លងទៅ។

មជ្ឈដ្ឋានអន្តរជាតិជាច្រើន បានធ្វើការសន្និដ្ឋានថា ការផ្ទុះនោះមិនមែនជាការផ្ទុះគ្រាប់បែកអ៊ីដ្រូសែនឡើយ វាអាចជាការបាញ់ សាកល្បងនុយក្លេអ៊ែរ៕