(ភ្នំពេញ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានស្នើដល់ប្រទេសអាស៊ានបូក៣ ចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ទៅកាន់ពិភពលោក ដោយសារប្រទេសអាស៊ានបូក៣ មានអត្រាអ្នកឆ្លងជំងឺនេះទាបបំផុត បើធៀបនឹងការឆ្លងនៅលើពិភពលោក។

សំណើរបស់ប្រធាន WHO បានធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ តាមរយៈ Video Conference ដែលជជែកផ្តោតជាសំខាន់ទៅលើបញ្ហា ដែលបង្កឡើងដោយជំងឺកូវីដ១៩។

លោក Tedros បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាមួយនឹងបទពិសោធន៍នៃការផ្ទុះឡើងពីមុននោះ នៅឆ្នាំ២០០៥ បន្ទាប់ពីជំងឺសារ (SARS) គឺថាប្រទេសក្នុងតំបន់ បានរួមគ្នាដើម្បីអនុម័តយុទ្ធសាស្ត្រអាស៉ីប៉ាស៉ីហ្វិច ដើម្បីភាពបន្ទាន់។ ចាប់ពីពេលនោះមក ការត្រៀមនៃការរាតត្បាតរបស់មេរោគ នៃអាទិភាពរបស់តំបន់នេះ គឺទទួលបានផលមកវិញ»

លោកបន្តថា «ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អ្នកបានរៀនសូត្រមេរៀនសំខាន់ៗជាច្រើន ដែលបានបង្ហាញឲ្យឃើញ នូវការធ្វើតេស្ត នូវការដាក់ឲ្យនៅដោយឡែក និងយកចិត្តទុកដាក់រាល់អ្នកជំងឺទាំងអស់ ហើយនិងតាមរកអ្នកប៉ះពាល់ទាំងអស់ទៀត។ ប្រទេសទាំងអស់ក្នុងតំបន់ មានរបៀបរបបរៀងៗខ្លួនក្នុងការអនុវត្ត ហើយរដ្ឋាភិបាលទាំងអស់ និងសង្គមទាំងអស់បានឆ្លើយតបផងដែរ។ ប្រទេសផ្សេងទៀត ដែលកំពុងប្រើប្រាស់នៃការត្រៀមរបស់ខ្លួន អាចនឹងរៀនសូត្របានច្រើន ពីបទពិសោធន៍របស់អ្នកទាំងអស់គ្នា។ ខ្ញុំសូមលើកទឹកចិត្ត ឲ្យចែករំលែកបទពិសោធន៍ទាំងអស់នេះ ជាមួយពិភពលោក»

បើតាមប្រធាន WHO នៅក្នុងពេលដែលអាស៊ានបូក៣ បានបង្ហាញការប្តេជ្ញាចិត្ត តាមរយៈនយោបាយ និងសកម្មភាពរួម និងការកាត់បន្ថយការរាលដាលរបស់មេរោគកូវីដ១៩ វានៅតែជាការប្រយុទ្ធមួយដ៏វែងឆ្ងាយតទៅមុខទៀត។ ការរាតត្បាតនេះ ក៏នៅតែរំពឹងបន្តកើតមានលើពិភពលោក នៅក្នុងល្បឿនមួយយ៉ាងលឿន។

លោក Tedros បានថ្លែងសង្កត់ធ្ងន់ៗថា ល្គឹកណាជំងឺកូវីដ១៩ នៅតែជាការគំរាមកំហែងរបស់ប្រទេសមួយចំនួន នៅលើពិភពលោក វាក៏ជាការគំរាមកំហែងរបស់ប្រទេសអាស៊ានបូក៣ ផងដែរ។ នេះជាការសាកល្បងដ៏ធំបំផុត ចំពោះការសាមគ្គីភាពរបស់អាស៊ានបូក៣ និងពិភពលោក។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំង១០ មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណជាង២ម៉ឺននាក់ ក្នុងនោះ មនុស្សប្រមាណ៨៤៥នាក់បានស្លាប់បាត់បង់ជីវិត។ គិតត្រឹមថ្ងៃទី១៤ ខែមេសានេះ កម្ពុជាមានអ្នកឆ្លង ១២២ករណី, វៀតណាម ២៦៥ករណី, ថៃ ២៥៧៩នាក់ (ស្លាប់៤០នាក់), ឥណ្ឌូនេស៊ី ឆ្លង៤៥៥៧នាក់ (ស្លាប់៣៩៩នាក់), ម៉ាឡេស៊ី ៤៨១៧នាក់ (ស្លាប់៧៧នាក់), ហ្វីលីពីន ឆ្លង៤៩៣២នាក់ (ស្លាប់៣១៥នាក់), សិង្ហបុរីឆ្លង ២៩១៨ (ស្លាប់៩នាក់), មីយ៉ាន់ម៉ា ឆ្លង៦២នាក់ (ស្លាប់ ៤នាក់), ឡាវ ឆ្លង១៩នាក់ និងប្រុយណេ ឆ្លង១៣៦នាក់ (ស្លាប់១នាក់)។

យោងតាមទិន្នន័យពីគេហទំព័រ worldometer គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ នេះតែម្តងចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ១,៩២៤,៦៣៥ករណី ក្នុងនោះស្លាប់ ១១៩,៤៨៣នាក់ និងជាសះស្បើយឡើងវិញជិត ៤៤៥,០០០នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងភពផែនដី។

សម្រាប់ប្រទេសកំពូលៗចំនួន ០៦ ដែលកំពុងមានសន្ទុះនៃអ្នកឆ្លង និងស្លាប់ ដោយសារជំងឺ COVID-19 កើនឡើងច្រើនយ៉ាងគំហុក ជាប្រចាំថ្ងៃតែម្តងនោះមានដូចជា៖
១៖ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប ៥៨៦,៩៤១ករណី ក្នុងនោះស្លាប់ ២៣,៦៤០នាក់ និងជាសះស្បើយវិញ ៣៦,៩៤៨នាក់។
២៖ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងសរុប ១៧០,០៩៩ករណី ក្នុងនោះស្លាប់ ១៧,៧៥៦នាក់ និងជាសះស្បើយឡើងវិញ ៦៤,៧២៧នាក់។
៣៖ ប្រទេសអ៉ីតាលីមានអ្នកឆ្លងសរុប ១៥៩,៥១៦ករណី ក្នុងនោះស្លាប់ ២០,៤៦៥នាក់ និងជាសះស្បើយឡើងវិញ ៣៥,៤៣៥នាក់។
៤៖ ប្រទេសបារាំងមានអ្នកឆ្លងសរុប ១៣៦,៧៧៩នាក់ ក្នុងនោះស្លាប់ ១៤,៩៦៧នាក់ និងជាសះស្បើយឡើងវិញ ២៧,៧១៨នាក់។
៥៖ ប្រទសអាល្លឺម៉ង់មានអ្នកឆ្លងសរុប ១៣០,០៧២នាក់ ក្នុងនោះស្លាប់ ៣,១៩៤នាក់ និងជាសះស្បើយឡើងវិញ ៦៤,៣០០នាក់។
៦៖ ចក្រភពអង់គ្លេសមានអ្នកឆ្លងសរុប ៨៨,៦២១ករណី ក្នុងនោះស្លាប់ ១១,៣២៩នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញមិនត្រូវបានបញ្ជាក់ឡើយ៕