(ភ្នំពេញ)៖ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ របស់គណកប្សប្រជាជនកម្ពុជា នឹងធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រយៈពេល២ថ្ងៃ នៅថ្ងៃទី០៩-១០ ខែមករា ឆ្នាំ២០១៦នេះ ដោយក្នុងនោះ មានបញ្ចូលរបៀបវារៈ នៃការពិភាក្សាអំពីផែនការបោះឆ្នោត ឃុំសង្គាត់ ឆ្នាំ២០១៧ផងដែរ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា សន្និបាតរយៈពេល២ថ្ងៃនេះ នឹងមានការស្តាប់របាយការណ៍ សភាពការណ៍នយោបាយកន្លងមក និងការលើកទិសដៅប្រតិបត្តិបន្ត និងពិភាក្សាពីផែនការ បោះឆ្នោតឃុំសង្កាត់ ២០១៧ ហើយតំណាងបក្សនៅស្រុក ខេត្តនានា នឹងស្តាប់សារនយោបាយ របស់ប្រធានគណបក្ស។

បច្ចុប្បន្នគណបក្សកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា មានសមាជិក៥៤៥រូប ដែលក្នុងនោះមានយុវជនជំនាន់ក្រោយ មួយចំនួនដែរ ដែលបានបញ្ចូលថ្មីកាលពីឆ្នាំមុន។ លោក សុខ ឥសាន បាននិយាយថា សន្និបាតស្អែកនេះ នឹងមិនមានជជែកអំពីការ បញ្ចូលសមាជិកថ្មីនោះទេ។

កាលពីសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៨ នីតិកាលទី៥ គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន ដោយក្នុងនោះ សមាជិកទាំងអស់គាំទ្រសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើជាប្រធាន CPP និងបានគាំទ្រ សម្តេច សាយ ឈុំ និងសម្តេច ស ខេង ធ្វើជាអនុប្រធានបក្ស៕