(ភ្នំពេញ)៖ អតិថិជនមួយចំនួន របស់រថយន្ត Mazda បានធ្វើការរិះគន់ ចំពោះក្រុមហ៊ុនដែលនាំចូល រថយន្តនេះមកលក់នៅកម្ពុជា ខណៈរថយន្តរបស់ខ្លួនជួបបញ្ហា ខូចសំបកកង់ឬសិករិករិល ត្រូវធ្វើការផ្លាស់ប្ដូរ ហើយបានទាក់ទងទៅក្រុមហ៊ុន ចង់ប្តូរសំបកកង់នៅ ក្រុមហ៊ុន ប៉ុន្តែគួរឲ្យសោកស្តាយ ក្រុមហ៊ុនមិនមានសំបកកង់ លក់សំរាប់ឲ្យ អតិថិជនទិញប្ដូរនោះឡើយ ហើយទីផ្សារខាងក្រៅក៏គ្មាន លក់ទៀត ។

ព័ត៌មាននៃការគ្មានសំបកកង់ សម្រាប់លក់ឲ្យអតិថិជនទិញប្តូរនេះ ត្រូវបានផ្ទុះឡើងនៅក្នុងបណ្តាញសង្គម Facebok ដោយអតិថិជន រូបនោះបានសរសេរសារអមដោយរូបភាពរថយន្ត ខូចសំបកកង់ដែលនាំឲ្យ Friend នៅក្នុង Facebook ដោយមានការ comment និង ​share តៗគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់។

អតិថិជនដែលជួបបញ្ហា ខូចសំបកកង់រថយន្តហើយ ទៅរកការក្រុមហ៊ុនដើម្បីទិញប្ដូរ ហើយក្រុមហ៊ុនគ្មានសំបកកង់លក់នោះ បានសរសេរ រៀបរាប់ថា «សូមប្រាប់ជាដំណឹងឲ្យបានដឹងទាំងអស់គ្នា​ដែលបានជិះឡានម៉ាសាដា (Mazda) ទាំងអស់គ្នាថាបើសិនជាឡានខូចសំបកកង់ គឺគ្មានសំបកកង់ដូរទេព្រោះក្រុមហ៊ុនមិនមាននាំយកសំបកកង់ មកទេមានលក់តែឡានតែគ្មានសំបកកង់ដូរ ឲ្យទេសូម្បីរកដូរនៅខាងក្រៅ ក៏គ្មានដែរ។ បញ្ជាក់សំបកកង់ឡាននេះ គឺនៅស្រុកខ្មែរគឺអត់មានខ្ញុំពិតជា សោកស្តាយខ្លាំងណាស់​ ដែលជិះឡាននេះហើយខ្ញុំក៏សូមផ្តាំទៅ ដល់ក្រុមហ៊ុនផងដែរ ល្មមនាំចូលសំបកកង់មកផង កុំលក់ឡានតែគ្មានសំបកកង់ដូរចឹង ងាប់គេអ្នកជិះអស់ហើយលោកអើយ»។

ចំពោះការចោទប្រកាន់នេះ អ្នកស្រី អ៊ុន កញ្ញា អ្នកគ្រប់គ្រងក្រុមហ៊ុនរថយន្ត Mazda បានប្រាប់អង្គភាព Fresh News ថាក្រុមហ៊ុនមានការ សោកស្តាយ និងសូមការអធ្យាស្រ័យ យោគយល់បំផុតពីអតិថិជន ហើយចាត់ទុកថារឿងរ៉ាវដែលកើតឡើងនេះ គឺជាការចៃដន្យបំផុត។

អ្នកស្រីបានពន្យល់ថា តាមពិតសំបកកង់រថយន្តប្រភេទដែលអតិថិជន ខូចនោះក្រុមហ៊ុនមាន ហើយកន្លែងជួសជុលខាងក្រៅក៏មានដែរ ប៉ុន្តែជាការចៃដន្យបំផុត គឺអតិថិជនដែលខូចចំពេល ដែលខាងក្រុមហ៊ុនក៏អស់ ហើយនៅកន្លែងជួសជុលខាងក្រៅ ក៏អស់ស្តុកដូចគ្នាដែរ។

អ្នកស្រី អ៊ុន កញ្ញា បានបញ្ជាក់ទៀតថា បន្ទាប់ពីបានទទួលដំណឹងស្តីពីអតិថិជនមួយរូប ដែលមានបញ្ហាសំបកកង់រថយន្ត ក្រុមហ៊ុនបាន ធ្វើការដោះស្រាយភ្លាមៗ មិនទុកឲ្យមានក្តីកង្វល់នោះទេ ដោយបានធ្វើការបញ្ជាទិញ ពីប្រទេសថៃ ដើម្បីយកមកផ្លាស់ជូនអតិថិជន។

យ៉ាងទោះជាយ៉ាងណារហូតដល់ម៉ោង ៤៖៤៥នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ អ្នកស្រី អ៊ុន កញ្ញា បានបញ្ជាក់ជាថ្មីថា បញ្ហាសំបកកង់រថយន្តរបស់អតិថិជននោះ ត្រូវបានដោះស្រាយរួចរាល់ ដោយអតិថិជនដែល ខូចសំបកកង់រថយន្តនោះ ត្រូវបានក្រុមហ៊ុនអញ្ជើញមកផ្លាស់ប្តូររួចរាល់ និងបញ្ចប់បញ្ហាអស់ហើយ បន្ទាប់ពីការកុម្មង់មកដល់ទាន់ពេលវេលា៕