(ពោធិ៍សាត់)៖ អធិការនគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ឯម រុន បានប្រាប់អង្គភាព Fresh News ថា ករណីរថយន្ត​ដឹកសីុទែន​សាំងរបស់​ក្រុមហ៊ុន BVM បុករថយន្តទួរីស ដឹកបងប្អូនខ្មែរឥស្លាម ស្ថិតនៅតាមផ្លូវជាតិ​លេខ៥ ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ នាព្រឹកទៀបភ្លឺថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យស្លាប់៥នាក់ និងរបួសធ្ងន់៨នាក់ ស្រាលម្នាក់ ។

លោក ឯម រុន បានបញ្ជាក់ថា ជនរងគ្រោះស្លាប់៥នាក់ មានក្មេងតូចៗ៣នាក់ និងស្រីម្នាក់ ហើយអ្នករងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ជាបន្តបន្ទាប់។

បើតាមលោកអធិការ គ្រោះថ្នាក់ចរាចរណ៏ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានបង្កដោយអ្នកបើករថយន្តដឹកសីុទែនសាំង ដោយធ្វើដំណើរទិសដៅទៅភ្នំពេញ ហើយដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅ​បុករថយន្តរបស់ជនរងគ្រោះ បញ្ច្រាសទិស បណ្តាលឲ្យស្លាប់ និងរបួសយ៉ាងដូច្នេះ មុនពេលរត់គេចខ្លួន ។

លោក ឯម រុន បានបន្តទៀតថា ជនរងគ្រោះទាំងអស់នៅរស់សាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយធ្វើដំណើរទៅខេត្តសៀមរាប ដោយប្រភពព័ត៌មានខ្លះ បានឲ្យដឹងថា ឆ្ពោះទៅព្រលានយន្តហោះ​អន្តរជាតិខេត្តសៀមរាបដើម្បីជូន​កូនរបស់ខ្លួន ទៅធ្វើការនៅប្រទេសកូរ៉េ ។

នៅពេលនេះកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍ និងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត​រង់ចាំការដោះស្រាយ ហើយសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច​ប្រគល់​ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ​តាមប្រពៃណី ៕

ក្តៅៗ!!!!រថយន្តស៊ីទែន បុកសាំយ៉ុង បណ្តាលឲ្យមនុស្សស្លាប់៥នាក់... cry emoticon

Posted by បងធំនៃបក្សTroll on Thursday, January 7, 2016