(ភ្នំពេញ)៖ ឆ្លើយតបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បានខិតខំប្រឹងប្រែងស្វែងរកដៃគូរសហការជាមួយក្រុមហ៊ុនក្នុងស្រុក ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ (COVID-19)។

ជាក់ស្តែង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានអញ្ចើញទទួលម៉ាស់ចំនួន ៣ម៉ឺនម៉ាស់ ពីក្រុមហ៊ុនឌុន អាន (ខេមបូឌា) គ្រុប Dun An (Cambodia) Group Co.,Ltd ដែលជាដៃគូរសហការដ៏ល្អក្នុងទឹកចិត្តជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកជាមួយអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស។

លោក លី អ៉ី អាន (Li Yi An) អគ្គនាយកក្រុមហ៊ុន ឌុន អាន (ខេមបូឌា) គ្រុប បានផ្តល់នូវជំនួយម៉ាស់នេះ សម្រាប់ចែកជូនអង្គភាពចំណុះអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រុមការងារចុះជួយស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រុមការងារចុះជួយឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប និងក្រុមការងារចុះជួយស្រុកបូទុមសាគរ ខេត្តកោះកុង។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងរីករាលដាលជំងឺកូវីដ១៩ ចំនួន១២០ករណី ដែលក្នុងនោះមាន៧៥ករណីត្រូវបានព្យាបាលជាសះស្បើយ និង៤៥ករណីទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស។

រាជរដ្ឋាភិបាលកម្ពុជា បានចេញវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់នឹងការរីករាលដាលជំងឺកូវីដនេះ ក្នុងនោះមានការអនុញ្ញាតឱ្យសាលាទាំងរដ្ឋ និងឯកជនឈប់សម្រាកមុនមុនកំណត់ បិទក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល បៀរហ្កាឌិន និងសារៈមន្ទីរជាបណ្តោះអាសន្ន ព្រមទាំងដាក់បម្រាមគោចរមិនឱ្យមានការធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយឡើយចាប់ពីម៉ោង១២យប់ ថ្ងៃទី០៩ រហូតដល់ម៉ោង១២យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕