(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការទប់ស្កាត់មេរោគ COVID-19 លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងចម្រុះចុះបោសសម្អាត ដោយបាញ់ទឹកលាងសម្អាតផ្លូវ របាំងថ្មចែកទ្រូងផ្លូវ និងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវឲ្យមានអនាម័យល្អ បរិស្ថានស្អាត របៀបរៀបរយកាន់តែល្អប្រសើរ នៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ និងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងពេលដឹកនាំមន្ត្រីចុះលាងសំអាតផ្លូវនេះ លោក ធឹម សំអាន បានលើកឡើងថា ជាការការពារនូវការឆ្លងមេរោគ COVID-19 រដ្ឋបាលខណ្ឌ បានចុះបាញ់ទឹកលាងសម្អាតផ្លូវ និងកើបដីភក់តាម ចិញ្ចើមផ្លូវ ឲ្យមានអនាម័យល្អ បរិស្ថានស្អាត។ លោកថ្លែងថា នេះគឺជាកត្តាសំខាន់ណាស់ ក្នុងការការពារការឆ្លងមេរោគកូវីដ១៩ ផងដែរ។

លោកអភិបាលខណ្ឌបន្តថា ការងារនេះ គេមិនត្រូវមើលរំលងឡើយ មហាជនទូទៅដែលគាត់ធ្វើដំណើរឆ្លងកាត់តាមបណ្ដាផ្លូវនានា ក៏ដូចជាប្រជាពលរដ្ឋរកទទួលទានតាមផ្ទះក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ គឺពួកគាត់ទទួលបានបរិយាកាសល្អ ដែលអាចចៀសបានពីការឆ្លងមេរោគ កូវីដ១៩ បានមួយចំណែក។ ការងារនេះអាជ្ញាធរខណ្ឌបឹងកេងកង បន្តចុះធ្វើជាប្រចាំ ពិសេសនៅថ្ងៃចុងសប្ដាហ៍ ដូចថ្ងៃនេះជាដើម។

លោក ធឹម សំអាន បានលើកឡើងដោយសង្កត់ធ្ងន់ទៀតថា «បើចង់មានអនាម័យ និងបរិស្ថានល្អប្រសើរនៅក្នុងមូលដ្ឋានភូមិ-សង្កាត់យើងនីមួយៗនោះ ហើយបងប្អូនមានសុខភាពល្អ និងទីក្រុងមានផាសុខភាព សោភ័ណ្ឌភាពនោះ ដ៏រាបណាយើងគ្រប់ៗគ្នារួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាជនទូទៅរួមដៃគ្នាសហការគ្នាជាមួយគ្នា យ៉ាងផុលផុសទើបនៅក្នុងមូលដ្ឋានយើងមានភាពល្អប្រសើរ»