(កំពង់ឆ្នាំង)៖ ដោយអនុវត្តទៅតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញលើវិស័យកសិកម្មដល់ប្រជាកសិករ ក្នុងសហគមន៍ ឲ្យបន្តការដាំដុះនូវបន្លែ បង្ការ ផ្សេងៗ ក៏ដូចជាការចិញ្ចឹមសត្វ មាន់ ទា ត្រីសាច់។ល។ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ-១៩នាបច្ចុប្បន្មនេះ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានលើកទឹកចិត្ត និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបង្កើនការដាំដំណាំរួមផ្សំ រួមនឹងស្រូវដើម រដូវផង ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈប្រទេសយើងក៏ដូចជាពិភពលោកកំពុងរងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចពីជំងឺឆ្លងកូវីដ១៩។

លោកបានអំពាវនាវបែបនេះ នៅពេលដែលលោកចុះពិនិត្យទីតាំងដាំបន្លែទំនើបលើទឹក ឬបន្លែហៃដ្រូប៉ូនិក មួយកន្លែងស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

លោក ឈួរ ច័ន្ទឌឿន បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំដាំដំ ណាំរួមផ្សំ ឲ្យបានច្រើន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន នៅរដូវវស្សាដែលចូលមកដល់ខាងមុខនេះ ដោយកុំទុកផ្ទៃដីឱ្យនៅទំនេរ ដើម្បីយើងរួមចំណែ កបង្កើនជីវភាពរស់នៅតាមគ្រួសារឲ្យបានល្អប្រសើរឡើង ជាពិសេសទប់ទល់ជីវភាពគ្រួសារ ក្នុងពេលប្រទេសយើងកំពុងជួបនូវការឆ្លង រាលដាលនៃជម្ងឺកូវីដ-១៩។

លោក ចាប វិបុល ជាសមាជិកសហគមន៍កសិកម្មជ្រៃបាក់អភិវឌ្ឍន៍ បានឲ្យដឹងថា ក្រោយពីបញ្ចប់ជំនាញកសិកម្ម ពីប្រទេសអ៊ីស្រាអែលរួចមក លោកបានវិលមកស្រុកកំណើតវិញ ដោយចាប់ផ្តើមនូវមុខរបរដាំបន្លែសុវត្ថិភាពលើទឹកនេះ និងបានចំណាយដើមទុនអស់ប្រមាណជាង ២ម៉ឺនដុល្លា ក្នុងការសាងសង់កសិដ្ឋានរៀបចំសម្ភារដាំបន្លែលើទឹក ដែលបន្លែប្រភេទនេះ មិនប្រើប្រាស់នូវសារធាតុគីមី ធ្វើឲ្យជាទីពេញនិយម នៃបងប្អូនប្រជាពលរដ្ឋ នាពេលបច្ចុប្បន្នផងដែរ។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានឲ្យដឹងដែរថា ពាក់ព័ន្ធទៅនឹងការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលបានជំរុញការងារដាំដុះ ស្រូវនាដើមរដូវវស្សានេះ ដោយចាប់ផ្ដើមអនុវត្តពីចុងខែមេសា និងដើមខែឧសភា ហើយអាចប្រមូលផលវិញនៅខែសីហា ខាងមុខនេះ។

ចំណែកខាងមន្ទីរកសិកម្ម លោកក៏បានប្រជុំផ្សព្វផ្សាយដល់ការិយាល័យកសិកម្មក្រុងស្រុក ដើម្បីឲ្យចុះអប់រំណែនាំដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ជំរុញធ្វើយ៉ាងណាបង្កើន នៃការដាំដំណាំរួមផ្សំ ដែលមានដូចជាបន្លែ និងចិញ្ចឹមសត្វ ត្រីសាច់ផងដែរ ដើម្បីកុំទុកឱ្យផ្ទៃដីនៅទំនេរត្រូវជ្រើសរើសទីតាំងដែលមានសក្តានុពល នៃការបង្កបង្កើនផលត្រូវតែជំរុញ និងលើកទឹកចិត្តឲ្យពួកគាត់ ដាំដុះនៅទីនោះ ដោយផ្ដល់នូវគ្រាប់ពូជ និងបច្ចេកទេសដល់ពួកគាត់ថែមទៀតផង៕

សូមស្តាប់ការលើកឡើងរបស់អភិបាលខេត្តកំពង់ឆ្នាំង ខាងក្រោមនេះ៖