(ភ្នំពេញ)៖ ក្នុងអំឡុងពេលការរីករាលដាល នៃជំងឺ COVID-19 ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី បានចុះសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់ពលករមានជីវភាពខ្វះខាត ដែលទើបតែវិលមកពីក្រៅប្រទេស (ប្រទេសថៃ-កូរ៉េ)។

សកម្មភាពមនុស្សធម៌នេះ បានរៀបចំធ្វើឡើងដោយមានការចូលរួមពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ, លោក លោកស្រី ជាមន្ត្រីរាជការ ចៅសង្កាត់, ចៅសង្កាត់រង, ក្រុមប្រឹក្សាសង្កាត់, មេភូមិ និងប្រជាការពារផងដែរ ស្ថិតនៅក្រុមទី៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ និងស្ថិតនៅក្រុមទី៤ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

លោក ជា ពិសី ដែលជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល និងជាអភិបាលខណ្ឌ បានលើកឡើងថា បើទោះបីជា អំឡុងពេល នៃការរីករាលដាល នៃជំងឺ COVID-19 ក៏ពិតមែន ក៏ប៉ុន្តែសុខទុក្ខរបស់ប្រជាពលករ ដែលទើបវិលត្រឡប់មកពីក្រៅប្រទេស (ប្រទេសថៃ-កូរ៉េ) ឯណេះវិញ ក៏ជាចំណែកមួយដ៏សំខាន់ ក្នុងជួយសង្គ្រោះផងដែរ ក្រោមការផ្ដាំផ្ញើឲ្យយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕