(ភ្នំពេញ)៖ គណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រកាសគាំទ្រចំពោះវិធានការបន្ទាន់របស់រាជសរដ្ឋាភិបាលកម្ពុជា ដែលសម្រេចលើកការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស សំដៅបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សនេះដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានេះដែរ គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានអំពាវនាវដល់ជនរួមជាតិ មន្ត្រីរាជការ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករ និយោជិត ព្រមទាំងសមាជិក សមាជិកា នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ទាំងអស់ចូលរួមអនុវត្តតាមការណែនាំ និងគោរពតាមបទបញ្ជាផ្សេងៗ របស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា និងសង្គមជាតិទាំងមូល។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលគ្រោងធ្វើឡើងពីថ្ងៃទី១៣ ដល់១៦ ខែមេសា ខាងមុខនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនវិញក៏ត្រូវបន្តធ្វើការធម្មតា ដោយរដ្ឋនឹងសងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃវិញ នៅពេលសមស្របតាមក្រោយ។

ទន្ទឹមនឹងនេះ ចាប់ពីម៉ោង១២យប់ ថ្ងៃទី០៩ រហូតដល់ម៉ោង១២យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាល ក៏បានដាក់បម្រាមគោចរឆ្លងពីខេត្តមួយទៅខេត្តមួយផងដែរ លើកលែងតែក្នុងភូមិសាស្រ្តរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលតែប៉ុណ្ណោះ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់គណបក្សហ្វ៊ុនស៊ិនប៉ិច៖