(កណ្តាល)៖ ក្នុងគោលបំណងចូលរួមទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ លោក កៅ ថាច ប្រធានក្រុមការងារចលនាយុវជន របស់គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី បានជួបប្រជុំជាមួយអាជ្ញាធរស្រុក និងសកម្មជនយុវជនជួរមុខ នៅក្នុងស្រុកខ្សាច់កណ្តាល ដែលចុះបំពេញការងារផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដើម្បីណែនាំបន្ថែមអំពីវិធានការទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ និងឧបត្ថម្ភស្បៀងមួយចំនួន ជូនដល់អាជ្ញាធរស្រុក សម្រាប់ចាត់ចែងចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំទាំង១៨ នៃស្រុកខ្សាច់កណ្តាល ដែលមានការខ្វះខាតស្បៀង។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ដោយមានសមាសភាពចូលរួម រួមមាន លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល, អនុប្រធាន និងសមាជិកក្រុមការងារចលនាយុវជន របស់គណៈពង្រឹងមូលដ្ឋានស្រុក, សកម្មជនយុវជនស្រុក-ឃុំ សរុបចំនួន ៤០នាក់។

លោក កៅ ថាច បាន បានណែនាំបន្ថែម និងស្នើដល់អាជ្ញាធរស្រុក និងសកម្មជនយុវជនជួរមុខ នៅក្នុងស្រុកខ្សាច់កណ្តាល ដែលចុះបំពេញការងារផ្ទាល់ ជាមួយប្រជាពលរដ្ឋ ត្រូវយកចិត្តទុកក្នុងការអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាលដោយស្មារតីទទួលខុសត្រូវ និងមានភាពទន់ភ្លន់ ដោយធ្វើការណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការជឿជាក់ និងមានទំនុកចិត្តមកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងចាត់វិធានការចាំបាច់នានា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នេះ ដែលនេះគឺជាការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកក៏បានណែនាំ ដល់សកម្មជនយុវជន ដែលចុះបំពេញការងារផ្ទាល់ ជាមួយប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួន រក្សាអនាម័យល្អជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស ឬយកក្រមាខ្ទប់មាត់ច្រមុះ និងលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលឱ្យបានញឹកញាប់។

ក្នុងឱកាសនោះ លោក កៅ ថាច បានឧបត្ថម្ភស្បៀងមួយចំនួនដល់អាជ្ញាធរស្រុក សម្រាប់ចាត់ចែងចែក ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតស្បៀង រួមមាន អង្ករ៥តោន ទឹកត្រី និងទឹកស៊ីអ៊ីវចំនួន១០០យួរ ស្មើនឹង៦០០ដប និងភេសជ្ជៈ M150 ចំនួន ១៥០កេស ព្រមទាំងបានចែកម៉ាស និងទឹកអាល់កុលលាងដៃមួយចំនួន ដល់សកម្មជនយុវជនផងដែរ៕