(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ, លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងលោក យស យុទ្ធី អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងបរិក្ខារមួយចំនួន សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កងទ័ព និងគ្រួសារកងទ័ព នៃវរៈសេនាតូចអន្តរាគមន៍លេខ៣៩១ ជាវរៈសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខណ្ឌទាំង៣ ស្ថិតនៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ថ្លែងក្នុងឱកាសនោះដែរ លោក ប្រាក់ ចាន់ណា តំណាងប្រតិភូខណ្ឌទាំង៣ បានថ្លែងអំណរគុណ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល, អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលនៃខណ្ឌទាំងបី ជូនចំពោះកងទ័ព និងបានផ្តល់ជាអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់កងទ័ពនៃវរៈសេនាតូច៣៩១ ដើម្បីជាការលើកទឹកចិត្តដល់គ្រួសារកងទ័ព ក៏ដូចជាកងទ័ពដ៏អង់អាចក្លាហានរបស់យើង និងដើម្បីរួមចំណែកក្នុងស្មារតីសេ្នហាជាតិ តាមពាក្យស្លោក “ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ។

លោក ប្រាក់ ចាន់ណា បានបន្តថា បច្ចុប្បន្ននេះពិភពលោកកំពុងជួបទុក្ខលំបាកនៃផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ (Covid-19) ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយព្រះរាជាណាចក្រកម្ពុជាយើង ក៏កំពុងរងផលប៉ះពាល់នេះដែរ ដូចនេះដើម្បីចូលរួមប្រយុទ្ធប្រឆាំង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ សូមបងប្អូនកងទ័ពអនុវត្តឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល, ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ជំងឺនេះឱ្យមានប្រសិទ្ធភាព ធានាបានសុវត្ថិភាព១០០%ក្នុងជួរកងទ័ពរបស់យើង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតនៃមេរោគកូវីដ១៩ (COVID-19)។

គួរបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូនកងទ័ពនាពេលនោះ រួមមាន៖ អង្ករ ០៦តោន, មីជាតិ ៦០កេសធំ ស្មើនឹង ៣៦០កេសតូច, ត្រីខ ៤០កេសធំ ស្មើនឹង ៤០០កំប៉ុងតូច, អាល់កុល ៤៥០លីត្រ, ម៉ាស់ ៦,០០០ម៉ាស់, សាប៊ូលាងដៃ(ចំណុះ៣,៨លីត្រ) ១៥០ធុង ស្មើនឹង ៥៧០លីត្រ, ធុងបាញ់សម្លាប់មេរោគ ៥, កំប៉ុងដាក់អាល់កុល(ចំណុះ៥០០ml) ៥០ដប, កំប៉ុងដាក់អាល់កុល(ចំណុះ១០០ml) ២០០ដប និងថវិកា ៣លានរៀល (អំណោយខាងលើនេះជាអំណោយរបស់ខណ្ឌទាំង៣) ដោយឡែកនៅមានអំណោយរបស់សប្បុរសជនរួមមាន៖ ជែលលាងដៃចំណុះ៥០ml ចំនួន ៥០០ដប, ជែលលាងដៃចំណុះ៥០០ml ២៨ដប, ជែលលាងដៃចំណុះ ៣៥ml ២២០ដប, ម៉ាស់ ២,៥០០ម៉ាស់ និងទឹកបរិសុទ្ធ ១០០កេស៕