(ប៉ៃលិន)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីផ្សព្វផ្សាយ និងអនុវត្តន៍នូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩ ទៅដល់គណៈបញ្ជាការ ឯកភាពខេត្ត និងគ្រប់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យបទបញ្ជានេះកាន់តែមានប្រសិទ្ធភាព។

លោក ផាន់ ចាន់ធុល បានឱ្យដឹងថា ដើម្បីអនុវត្តន៍នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខេត្ត បាន ដាក់កម្លាំងចម្រុះ រួមមាន៖ នគរបាល កងរាជអាវុធហត្ថ និងទាហានតំបន់ប្រតិបត្តិការសឹករងខេត្ត នៅតាម ចំនុចគោលដៅ ដែលមានព្រំប្រទល់ជាប់នឹងខេត្ត ព្រមទាំងដាក់គោលដៅសំខាន់ៗ មួយចំនួន ទៀតនៅ តាម ក្រុង/ស្រុក ដើម្បីឆ្លើយតបទៅនឹងការចាត់វិធានការការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេសរបស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ថា «បើទោះបីជានៅពេលនេះ យើងកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភពខ្ពស់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស របស់ប្រជាពលរដ្ឋ ប៉ុន្តែសូមអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបន្តគ្រប់គ្រងពលករដែលទើបត្រលប់មកពីក្រៅប្រទេសឱ្យបានច្បាស់លាស់ ជាពិសេសត្រូវអប់រំ ណែនាំ និងតាមដានសុខភាពរបស់ពួកគាត់ឱ្យបានជាប្រចាំ ហើយត្រូវបន្តយុទ្ធនាការចុះផ្សព្វផ្សាយនៅតាមមូលដ្ឋាន ចាប់ពីទីប្រជុំជន រហូតដល់ជនបទ និងឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19»

លោក ផាន់ ចាន់ធុល បានលើកឡើងថា ដោយសារការព្រួយបារម្ភពីការការរីករាលដាលនៃជំងឺ COVID-19 ថ្មីនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីប្រកាស ឱ្យផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ និងមន្ត្រីរាជការ ព្រមទាំងវិស័យ ឯកជន មិនអនុញ្ញាតឱ្យឈប់សម្រាកនោះទេ។

ជាក់ស្តែងនៅពេលនេះ គឺរាជរដ្ឋាភិបាល បានចេញបទបញ្ជាដាក់កំហិតលើការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងប្រទេសទៀត ដូច្នេះសូមអាជ្ញាធរ សមត្ថកិច្ចដែល អនុវត្តន៍នូវបទបញ្ជា ត្រូវពន្យល់ ដល់ប្រជាពលរដ្ឋ ឱ្យមានយោគយល់ និងអធ្យាស្រ័យ ចំពោះវិធានការណ៍ យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។

សូមបញ្ជាក់ថា ដើម្បីអនុវត្តន៍នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពខេត្ត បានប្រើប្រាស់កម្លាំងចម្រុះ ចំនួន ៩០នាក់ ចែកចេញជា ៣វេន ប្រើប្រាស់រថយន្តតូចចំនួន ៦គ្រឿង ម៉ូតូធំប៉ូលីស ចំនួន ៦គ្រឿង និងរថយន្តពន្លត់អគ្គីភ័យ ចំនួន ៤គ្រឿង ដោយមានចំនួន ៤គោលដៅ ១-គោលដៅលើដងផ្លូវជាតិលេខ ៥៧ ចំនុចអូរសួស្តី (ព្រំប្រទល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង) ២-គោលដៅលើដងផ្លូវជាតិលេខ ៥៩ ត្រង់ចំនុចផ្លូវបំបែកជា៣ ភូមិភ្នំកុយ (ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង) ៣-គោលដៅ ចំនុចស្ពានភ្នំដំបង (ព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង) និង គោលដៅភូមិដីស (ព្រំប្រទល់ស្រុកបរវេល ខេត្តបាត់ដំបង)៕