(កំពង់ធំ)៖ លោក សុខ លូ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ ជាប្រធានក្រុមការងារចុះជួយ ស្រុកសណ្តាន់ និងសហការី នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ បានចុះសំណេះសំណាលជាមួយ ប្រជាពលរដ្ឋស្រុកសណ្តាន់ ក្នុងឱកាសបុណ្យខួបលើកទី៣៧ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩-៧ មករា ២០១៦។

លោក សុខ លូ បានលើកឡើងថា ការស្ដារប្រទេស ត្រូវចាប់ផ្តើមចេញពីចំនុចក្រោមសូន្យ ហើយមកដល់ថ្ងៃនេះ កម្ពុជាមានអគារខ្ពស់ទំនើបៗ មានហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ថ្មីៗជាច្រើន មានធនធានមនុស្សគ្រប់ផ្នែក មនុស្សមានសិទ្ធិសេរីភាព មានកម្មសិទ្ធិ ដែលទទួលបានផលពីផ្នែកនានានៃសង្គម និងគ្រប់វិស័យទាំងអស់។ ទៅថ្ងៃអនាគតកម្ពុជា នឹងមានការអភិវឌ្ឍន៍ រីកចម្រើនបន្ថែមទៀត ដូចបណ្ដាប្រទេសអភិវឌ្ឍន៍ នៅក្នុងពិភពលោក។

លោក សុខ លូ បានឲ្យដឹងទៀតថា បើគ្មានរដ្ឋប្រហាថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពួជសាសន៍ ប៉ុល ពត ហើយបើគ្មានរបបប្រល័យពូជសាសន៍ប៉ុល ពត ក៏គ្មានថ្ងៃ៧មករា បើគ្មានថ្ងៃ៧មករា គឺគ្មានអ្វីៗថ្ងៃនេះឡើយ៕