(ប៉ៃលិន)៖ ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរ មូលដ្ឋាន គ្រប់ជាន់ថ្នាក់ ត្រូវគ្រប់គ្រងពលករ ដែលទើបត្រលប់មកពីក្រៅប្រទេស ឲ្យបានច្បាស់លាស់ ជាពិសេស ត្រូវអប់រំ ណែនាំ និងតាមដានសុខភាពរបស់ពួកគាត់ឲ្យបានជាប្រចាំ។

លើសពីនោះទៀត ត្រូវបន្តយុទ្ធនាការចុះផ្សព្វផ្សាយនៅតាមមូលដ្ឋាន ចាប់ពីប្រជុំជន រហូតដល់ជនបទ ខណៈប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ សែន បានចេញសេចក្តីប្រកាស ឲ្យផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ និងមន្ត្រីរាជការមិនអនុញ្ញាតឱ្យឈប់សម្រាកនោះទេ ដើម្បីរួមគ្នា បង្ការ និងទប់ស្កាត់ ការ រីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលពិភពលោក មានអ្នកកើតជំងឺ និងស្លាប់ ដោយសារវីរុសនេះ រាប់ម៉ឺននាក់។

លោក ផាន់ ចាន់ធុល បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញមានអ្នកឆ្លងជំងឺ COVID-19 នេះក៏ដោយ ប៉ុន្តែសម្រាប់ខេត្តប៉ៃលិន រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេលកន្លងមកនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយមិនបានដឹងថា ក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ។

លោកថា ដូច្នេះដើម្បីទប់ស្កាត់កុំឲ្យមានការចម្លងជំងឺនេះ ក៏ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្តប៉ៃលិន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល ដោយទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ពន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នា ចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19 នេះទាំងអស់គ្នា។

លោកប្រធាន បាន បញ្ជាក់ថា ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជំងឺកូវីត-១៩ ធ្វើឲ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួន ត្រូវបានបិទទ្វារ បណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួនអត់ការងារធ្វើ ហើយពលរដ្ឋខ្លះ ដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត និងលំនៅដ្ឋានវិញ ដូច្នេះធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសារ ហើយជាក់ស្តែងកន្លងមក គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត បាននាំយកអំណោយស្បៀងមកឧបត្ថម្ភ ដល់បងប្អូននៅតាមខ្នងផ្ទះ ចំនួន២ជំហ៊ាន មកហើយ គឺបានចំនួន៥៥១គ្រួសារ ព្រោះមិនអាចធ្វើការប្រមូលផ្តុំមនុស្សច្រើនបាន ហើយនឹងគ្រោង ឧបត្ថម្ភស្បៀងជំហ៊ានទី៣បន្តទៀត ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២០ខាងមុខ។

នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដោយពេលចេញទៅខាងក្រៅត្រូវពាក់ម៉ាស់ ឬរុំក្រមាជានិច្ច និងលាងសម្អាតដៃជាប្រចាំ ជាមួយអាល់កុល ឬសាប៊ូ ហើយត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើមានអាការៈគួឲ្យសង្ស័យ ដូចជា៖ ក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមជាដើម ហើយក្នុងករណីមានប្រជាពលរដ្ឋណា ដែលទើបត្រឡប់ពីបរទេសត្រូវរាយការណ៍ ទៅអាជ្ញាធរភ្លាមៗ ដើម្បីធ្វើការពិនិត្យជៀសវាងការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមយើង។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន មានពលករទើបត្រលប់មកពីក្រៅប្រទេសសរុប ចំនួន៩០៧នាក់ ស្រី ៤៣៤នាក់ ដោយក្នុងនោះ ក្រុងប៉ៃលិន ចំនួន ៣៨០នាក់ ស្រី ១៨៧នាក់ និងស្រុកសាលាក្រៅ ចំនួន ៥២៧នាក់ ស្រី ២៤៧នាក់៕