(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្ដីពីការផ្អាកការធ្វើដំណើរចេញចូលរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងតាមបណ្ដាខេត្ត ទៅខេត្ត កម្លាំងនគរបាលរាជធានីភ្នំពេញ តាំងពីម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានដាក់គោលដៅគ្រប់ច្រកចេញចូលទាំងអស់ ដើម្បីការធ្វើដំណើរនេះជាបណ្ដោះអាសន្ន ទប់ស្កាត់ការរីករាលដាល ជំងឺ COVID-19។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងនគរបាល បានដាក់គោលដៅចំនួន០៩ទីតាំង នៅគ្រប់ច្រកចេញចូលរាជធានីភ្នំពេញ ដើម្បីផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋ លើកលែងករណីចាំបាច់។

គោលដៅទាំង០៩ទីតាំងនោះរួមមាន៖

* គោលដៅទី១៖ ម្ដុំព្រះនរាយ ព្រំប្រទល់ខណ្ឌមានជ័យ និងក្រុងតាខ្មៅ
* គោលដៅទី២៖ ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ
* គោលដៅទី៣៖ ផ្លូវជាតិលេខ៣ ស្ពាន៧មករា (ម្ដុំវត្តស្លែង)
* គោលដៅទី៤៖ បែកចាន (កន្លែងបង់លុយចាស់) តាមផ្លូវជាតិលេខ៤
* គោលដៅទី៥៖ ផ្លូវជាតិលេខ៥ ម្ដុំវត្តគ្រូស ខណ្ឌព្រែកព្នៅ
* គោលដៅទី៦៖ ផ្លូវជាតិលេខ៦A ផ្លូវបំបែកស្ពានលីយ៉ុងផាត់ ខណ្ឌជ្រោយចង្វារ
* គោលដៅទី៧៖ ផ្លូវជាតិលេខ២ រង្វង់មូលគួរស្រូវ ខណ្ឌដង្កោ
* គោលដៅទី៨៖ ផ្លូវជាតិលេខ១ ព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល
* គោលដៅទី៩៖ ក្រោមស្ពានព្រែកសំរោង ក្រុងតាខ្មៅ

សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយហាមធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ និងធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ព្រមទាំងពីស្រុកមួយទៅស្រុកមួយផងដែរ។ បំរាមនេះ ចាប់ផ្តើមអនុវត្តពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖

* ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន
* រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
* រថយន្តពន្លត់អគ្គីភ័យ
* រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
* ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
* ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់៕