(ឧត្តរមានជ័យ)៖ ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ និងបញ្ជ្រៀបការយល់នូវវិធីសាស្ត្រទាំងឡាយក្នុងការបង្ការ និងទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩នោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ និងក្រុមការងារ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តឧត្តរមានជ័យ។

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បន្ទាប់ពីចុះដោះស្រាយបញ្ហាប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់រួចហើយនោះ បានបន្តដឹកនាំក្រុមក្រុមការងារចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋជួបការខ្វះខាត ដើម្បីនាំស្បៀងអាហារមានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ជូនដល់ពួកគាត់។

ទន្ទឹមការផ្តល់ស្បៀងអាហារលោកទេសរដ្ឋមន្ត្រី ក៏បានអប់រំ និងបញ្ជ្រៀបការយល់ដឹងពីវិធាននានាដល់ប្រជាពលរដ្ឋ ដើម្បីការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩។ លោកទេសរដ្ឋមន្ត្រីក្រើនរំលឹកឱ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែររក្សាអនាម័យឱ្យបានជាប់ជាប្រចាំ ជាពិសេសឧស្សាហ៍លាងដៃមុនពេលបរិភោគ ឬពេលត្រឡប់មកពីខាងក្រៅផ្ទះ។ លោកទេសរដ្ឋមន្ត្រី ក៏ជំរុញប្រជាពលរដ្ឋឱ្យប្រើម៉ាស ឬក្រមាបាំងបិទមាត់នៅពេលក្អក ក្រដាស់ ហើយត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាចាប់ពីពីរម៉ែត្រឡើងទៅ។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបប្រជាពលរដ្ឋពីវិធានការរបស់រាជរដ្ឋាភិបាលផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩នេះ។ ដូច្នេះលោកទេសរដ្ឋមន្ត្រី បានណែនាំប្រជាពលរដ្ឋមិនឱ្យមានការជួបជុំលេងកម្សាន្តផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំនៅសប្តាហ៍ក្រោយនោះឡើយ។

សូមបញ្ជាក់ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់មិនឱ្យមានការរីករាលដាលជំងឺកូវីដ១៩នោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានចុះទៅឈរជើងជាប់ជាប្រចាំនៅក្នុងខេត្តឧត្តរមានជ័យ ព្រមទាំងដាក់ចេញនូវវិធានការជាបន្តបន្ទាប់។ តាមរយៈសកម្មភាពអប់រំជាបន្តបន្ទាប់ បានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យបានយល់ និងជ្រូតជ្រាបកាន់តែច្រើននូវវិធានក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។

រហូតមកដល់ពេលនេះនៅខេត្តឧត្តរមានជ័យ មិនមានអ្នកកើតជំងឺកូវីដ១៩នោះទេ។ តែទោះជាយ៉ាងណាទាំងក្រុមការងារគណៈពង្រឹង និងអាជ្ញាធរខេត្ត នៅតែបន្តយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋ និងធ្វើយុទ្ធនាការនានា ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះ៕