(កណ្តាល)៖ កម្លាំងនគរបាលស្រុកស្អាង ខេត្តកណ្តាល បានឃាត់ខ្លួនចោរឆក់ម្នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបពីស្ត្រីចំណាស់ម្នាក់ ព្យាយាមរត់គេច មិនបានមួយចម្អិនកំពិស ប៉ុន្តែ ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់។

លោក ថាច់ សុវណ្ណា ប្រធានផ្នែកព្រហ្មទណ្ឌនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ហេតុការខាងលើនេះ បានកើតឡើងនៅយប់វេលា ម៉ោង១០៖៥០ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក ថាច់ សុវណ្ណា បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ សុម៉ាលី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិទួលស្រម៉រ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានឈ្មោះ រុន មករា ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យនគរបាល បានដកហូតវត្ថុតាងរួមមាន៖ លុយរៀល១៨ម៉ឺនរៀល, លុយដុល្លារ ៤០០, កាបូបដៃពណ៌កាកអំពៅ១, លោហធាតុពណ៌លឿង ផ្លាកទីនអង្កាំ១ខ្សែ ជារបស់ជារបស់ជនរងគ្រោះ និងម៉ូតូម៉ាកឌ្រីមសង់២០១៩ ឡើងតែម២០២០ មួយគ្រឿង ពាក់ផ្លាកលេខ កំពង់ស្ពឺ 1L-6144 មួយគ្រឿង, សក់សម្រាប់ពាក់ពណ៌ទុងដែង កាបូបស្ពាយជំហៀង ១ និងកាបូបដៃ២ ជារបស់ជនសង្ស័យ។

លោក ថាច់ សុវណ្ណា បានបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកឃ្លីច ទៅរកឌុបចៅ នៅផ្សារថ្នល់ទទឹង ទៅដល់ចៅដេកលក់ ក៏ត្រឡប់មកវិញ លុះមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យតាមមកពីក្រោយ ឆក់យកកាបូបលុយដែលទុកក្នុងខ្លប់ម៉ូតូ តែម្តងហើយជិះរត់គេច ទៅទិសខាងកើត ចំពេលកម្លាំងល្បាតប្រទះឃើញដេញតាមឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបានមកវិញ។

លោក ថាច់ សុវណ្ណា បានបញ្ជាក់ថា ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានឆក់កាបូបលុយពីជនរងគ្រោះដែលទុកក្នុងខ្លប់ម៉ូតូពិតប្រកដមែន និងកន្លងមកធ្លាប់បានធ្វើសកម្មភាពឆក់បានចំនួន១០លើកផ្សេងទៀត។ ឆក់នៅម្តុំកន្លែងលក់សាច់ក្រក ខណ្ឌកំបូល ចំនួន៧លើក នៅផ្លូវជាតិលេខ៤១ ចំនួន២លើក និងនៅស្រុកអង្គស្នួល១ លើកត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការតាមផ្លូវច្បាប់៕