(ភ្នំពេញ)៖ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចលនាកម្មករ ពលករ ចំណាកស្រុកទាំងក្នុងនិងក្រៅប្រទេស ដែលបានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ មានការកើនឡើងជាលំដាប់។ ជាក់ស្តែងគិតមកដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងខេត្តព្រៃវែងមានបងប្អូនកម្មករ ពលករចំណាកស្រុកចំនួន សរុបជិត៦ម៉ឺននាក់ បានត្រឡប់មកដល់ស្រុកភូមិរបស់ខ្លួនវិញ ក្នុងនោះក៏មានបងប្អូនកម្មករ ពលករមកពីប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី។ល។ ចំនួនប្រមាណជិត៥ពាន់នាក់ផងដែរ។

កន្លងមកក្រុមការងារចំណាកស្រុក រួមជាមួយក្រុមការងារដទៃទៀត និងដោយមានកិច្ចសហការជិតស្និទ្ធពីអាជ្ញាធរខេត្ត ស្រុកក្រុង និងមូលដ្ឋានភូមិ ឃុំ សង្កាត់ បានសម្របសម្រួលបង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការវិលត្រឡប់មកវិញនេះ។

ដោយឡែកនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង បានជួបប្រជុំគ្នា ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីយុទ្ធនាការបំផុសកម្មករ ពលករចំណាកស្រុក ឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងការរាលដាលឆ្លងជំងឺកូវីដ១៩។

ក្រោយការពិភាក្សាផ្លាស់ប្តូរពិសោធន៍ ក្នុងការអនុវត្តការងារនេះ កន្លងមកតាមមូលដ្ឋានរៀងៗខ្លួន អង្គប្រជុំបានឯកភាពលើវិធានការ ជាក់ស្តែងមួយចំនួនដូចខាងក្រោម៖

១៖ ក្រុមការងារចំណាកស្រុក និងក្រុមការងារដទៃទៀត សហការជាមួយអាជ្ញាធរ និងកំលាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅមូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ត្រូវ បន្តធ្វើការឃោសនា អប់រំ ផ្សព្វផ្សាយជាប្រចាំតាមរយៈសារអំពាវនាវ និងតាមរូបភាពផ្សេងទៀត ជូនដល់ប្រជាពលរដ្ឋតាមភូមិឱ្យបានយល់ជ្រួតជ្រាបកាន់តែ ច្បាស់ពីគ្រោះថ្នាក់នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងអំពាវនាវឱ្យមានការចូលរួមបង្ការទប់ស្កាត់ ដោយខិតខំរក្សាការរស់នៅ ប្រចាំថ្ងៃប្រកបដោយអនាម័យជាប់ជានិច្ច រួមគ្នាការពារសុវត្ថិភាពពលរដ្ឋម្នាក់ៗ គ្រួសារនីមួយៗ សំដៅបញ្ចៀសឱ្យផុតពីគ្រោះភ័យ នៃជំងឺឆ្លងដ៏កាចសាហាវនេះ ដើម្បីពង្រឹងសុខភាពសាធារណៈតាមសហគមន៍ ។

២៖ លើកទឹកចិត្តពលរដ្ឋឱ្យត្រងត្រាប់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការណែនាំ និងវិធានការវេជ្ជសាស្ត្រ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ប្រឆាំងការរាលដាលឆ្លងនៃជំងឺកូវីដ១៩។ ត្រូវក្តាប់ជាប់មុខសញ្ញាអ្នកដែលចេញចូល ក្នុងភូមិនីមួយៗ ដើម្បីមានមូលដ្ឋានសម្រាប់ការគ្រប់គ្រងចលនាប្រជាពលរដ្ឋ ពិសេសមុខសញ្ញាដែលត្រូវយកចិត្តទុកដាក់ជាអាទិភាព។ ចំពោះបងប្អូនចំណាកស្រុកក្រៅ ប្រទេសនិងក្នុងប្រទេស ដែលជាមុខសញ្ញាសង្ស័យ អាចបង្កហានិភ័យកូវីដ១៩ហើយ ដែលទើបបានវិលត្រឡប់ មកជួបជុំក្រុមញាតិគ្រួសារនៅតាមមូលដ្ឋានភូមិ ឃុំ ត្រូវរៀបចំបង្កលក្ខណៈជាក់ស្តែង ឲ្យបងប្អូនប្រកាន់នូវវិធានការដាក់ខ្លួនឯងដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរាលដាលជំងឺ ជាយថាហេតុ។

៣៖ ត្រូវពង្រឹងបណ្តាញទំនាក់ទំនង ការងារជិតស្និទ្ធជាប្រចាំ រវាងក្រុមការងារចំណាកស្រុក ក្រុមការងារដទៃទៀត និងអាជ្ញាធរ ព្រមទាំងកំលាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាមួយផ្នែកសុខាភិបាលពីភូមិឃុំមកដល់ស្រុក ដើម្បីឆ្លើយតបដោះស្រាយជាបន្ទាន់ ចំពោះករណីសង្ស័យថា មានអ្នកផ្ទុកជំងឺកូវីដ១៩ ឬករណីពាក់ព័ន្ធដទៃទៀត។ ទន្ទឹមនោះត្រូវយកចិត្តទុកដាក់ពង្រឹងការងារសង្គម កិច្ច ពិសេសការឆ្លើយតប និងជួយសង្គ្រោះបន្ទាន់ ចំពោះអ្នករងគ្រោះពីវិបត្តិកូវីដ១៩ជាអាទិ៍ ពលករអត់ការងារធ្វើ ចាស់ជរា និងមុខសញ្ញារងគ្រោះដទៃទៀត។

៤៖ ក្រុមការងារចំណាកស្រុក ត្រូវសហការជាមួយក្រុមការងារដទៃទៀត រួមជាមួយអាជ្ញាធរស្រុក ក្រុង ឃុំសង្កាត់ ចាត់ចែងរៀបចំបែងចែកគ្នាជាក្រុមតូចៗ ពីពីរទៅបីនាក់ក្នុងមួយក្រុម ចុះជួបដោយផ្ទាល់មុខសញ្ញាកម្មករ ពលករ ចំណាកស្រុកចាស់ជរា និងអ្នករងគ្រោះដទៃទៀត ពីវិបត្តិកូវីដ១៩ ដើម្បីអប់រំ ពង្រឹងស្មារតីនឹងនរអត់ធ្មត់ កុំឲ្យភ័យស្លន់ស្លោរ តែមិនត្រូវធ្វេសប្រហែសចំពោះមុខ សភាពការណ៍គ្រោះភ័យ ដែលបង្កពីផលវិបាកនៃវិបត្តិកូវីដ១៩ ដោយស្មារតីជឿជាក់យ៉ាងមុតមាំលើកំលាំងខ្លួនឯង លើកំលាំងសាមគ្គីប្រជាជាតិ ក្រោមការដឹកនាំ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ រាជរដ្ឋាភិបាល នៃកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយកំណត់ច្បាស់ថា ដាច់ខាតយើងពិតជាឈ្នះគ្រោះភ័យនេះបាន ដើម្បីបន្តរក្សាការពារសុខសន្តិភាពនិងសុខមាលភាពរបស់សង្គមជាតិ សម្រាប់អនាគតរុងរឿងរបស់ប្រទេសជាតិនិងប្រជាជនយើង៕