(ភ្នំពេញ)៖ លោក ណូ ម៉ាត់សាត ហាកឹម (ចៅអធិការ) គណៈកម្មការវិហារធំឥស្លាមគីឡូម៉ែត្រលេខ៩ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បច្ច័យប្រចាំវិហារ ដែលបានមកពីទឹកចិត្តសប្បុរសដ៏ជ្រះថ្លារបស់បងប្អូនខ្មែរឥស្លាមចំណុះឱ្យវិហារធំឥស្លាមគីឡូម៉ែត្រលេខ៩ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំនួន ៤ ០០០ ០០០ (បួនលានរៀល) ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕