(ត្បូងឃ្មុំ)៖ ដើម្បីលើកទឹកចិត្តមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃសាលាខេត្តត្បូងឃ្មុំទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដោយចែកជូនថវិកា និងប្រេងសាំងមួយចំនួន។

បន្ថែមលើសពីនេះលោក ជាម ច័ន្ទសោភ័ណ ក៏បានចែកជូននូវក្រមាដែលមានបក្សអក្សរ និង Logo ខេត្តត្បូងឃ្មុំ ម៉ាស និងអាល់កុលលាងដៃមួយចំនួនដើម្បីការពារខ្លួនផង និងចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ក្នុងឱកាសនោះលោក ជាមច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសាលាខេត្តត្បូងឃ្មុំទាំងអស់ និងណែនាំបន្តសាមគ្គីភាពផ្ទៃក្នុង ខិតខំបំពេញភារកិច្ចការងាររៀងៗខ្លួន ដោយឈរលើគោលដៅដែលខ្លួនមាន ត្រូវមានអាកប្បកិរិយាល្អសមរម្យជាមន្ត្រីបំរើរាស្ត្រ បន្តរៀនសូត្រពីគ្រប់មជ្ឈដ្ឋានជុំវិញខ្លួន ដោយដាក់ខ្លួនឲ្យទាប ដូចសុភាសិតមួយបានលើកឡើងថា«ងើយស្កក ឱនដាក់គ្រាប់» ដែលលោកឪពុកលោក តែងតែប្រៀនប្រដៅ ចង់ចាំនៅក្នុងចិត្តតាំងពីតូចរហូតមកដល់បច្ចុប្បន្ននេះ ។

លោកអភិបាលខេត្តបានគូសបង្ហាញថា អាកប្បកិរិយា ចំណេះដឹង និងទំនាក់ទំនងសំខាន់បំផុតសម្រាប់សម្រេចការងារ នាពេលបច្ចុប្បន្ន និងទៅកាន់អនាគត ដោយកុំមើលមើលស្រាលនូវតួនាទី និងអ្វីដែលខ្លួនមាននៅពេលបច្ចុប្បន្ននេះ។

ជាក់ស្ដែងដូចរូបលោកជាដើម ពីមន្ត្រីរាជការធម្មតា បន្តឡើងអនុប្រធានការិយាល័យ អនុប្រធានមន្ទីរ ប្រធានមន្ទីររហូតឡើងជាអភិបាលរងខេត្ត និងអភិបាលខេត្តនៅពេលបច្ចុប្បន្ននេះ ទាំងនេះជាកិច្ចខិតខំប្រឹងប្រែងតាមឋានានុក្រមលំដាប់ថ្នាក់ ដែលឯកឧត្តធ្លាប់បានឆ្លងកាត់។

ជាមួយគ្នានោះដែរ លោក ជាម ច័ន្ទសោភ័ណ និងមន្ត្រីរាជការសាលាខេត្តត្បូងឃ្មុំទាំងអស់ នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ គឺនៅធ្វើការងារជាធម្មតា ដោយមិនមានឈប់សម្រាក នោះឡើយ ដើម្បីរួមគ្នាជាមួយសម្ដេចតេជោហ៊ុនសែន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រជាជនទូទាំងប្រទេស រួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយស្របតាមពាក្យស្លោក៖ «ខ្ញុំចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដដោយមកត្រូវការជាធម្មតានៅថ្ងៃចូលឆ្នាំនេះ, ចង់ឈ្នះកូវីដ នាំគ្នាធ្វើការងារធម្មតាក្នុងថ្ងៃចូលឆ្នាំនេះ, ខ្ញុំសុំផ្អាកចូលឆ្នាំមួយឆ្នាំសិនដើម្បីការពារជីវិតខ្ញុំ និងគ្រួសារជាទីស្រឡាញ់របស់ខ្ញុំ»

ជាមួយគ្នានោះ លោកស្រី ម៉េង វ៉ាន់ ដានីន ប្រធានកិត្តិយសសមាគមន៍នារីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បានប្រគល់ជូនថវិការមួយចំនួនដល់សមាគម ដើម្បីទ្រទង់លើកិច្ចការងារ នាឆ្នាំថ្មីនេះផងដែរ។

សូមជម្រាបថា ក្នុងថ្ងៃនេះ លោក ជាម ច័ន្ទសោភ័ណ បានសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីសាលាខេត្តគ្រប់លំដាប់ថ្នាក់ ដោយផ្តល់ជូនថវិការ សរុបទាំងអស់៤៤,៥០០,000រៀល និងប្រេងសាំង ៩,៦៥០លីត្រ។