(សៀមរាប)៖ ប្រាសាទលលៃ បច្ចុប្បន្នមានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាសម័យបុរាណ។ ទីនេះបានប្រែប្រួលបន្តិចម្តងៗ ដោយការរៀបចំថ្មី និងមានសំណង់សាសនាមួយចំនួន តាមរយៈសម័យកាលជាបន្តបន្ទាប់មក។

នៅក្នុងឆ្នាំ២០១៩ កន្លងមក ដោយមានការសម្រេចចិត្តពីព្រះគ្រូចៅអធិការវត្តលលៃ អាចារ្យ និងគណៈកម្មការគ្រប់គ្រងវត្តលលៃទាំងអស់ ព្រមទាំងពុទ្ធបរិស័ទជុំវិញវត្ត ជាពិសេសការឯកភាពពីសំណាក់ សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ព្រមទាំងការជួយជ្រោមជ្រែងពីក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ ដែលមានព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ជាព្រះប្រធានកិត្តិយស ព្រះសុមង្គលសិលាចារ្យ អាតាករោ ជុំ គឹមឡេង ជាព្រះប្រធាននៃក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ បានសម្រេចថាសំណង់សាសនាទាំងអស់ ត្រូវបានរំកិលចុះមកក្រោម ដើម្បីទុកលទ្ធភាពឲ្យអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្ស និងស្រាវជ្រាវបុរាណវិទ្យា។

ជាក់ស្តែង ក្នុងខែមីនា ឆ្នាំ២០២០ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមកិច្ចការស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទលលៃ និងបានរកឃើញនូវរចនាសម្ពន្ធបុរាណរបស់ប្រាសាទលលៃកប់ក្នុងដី អស់រយៈពេលជាច្រើនរយឆ្នាំដូចរូបភាពខ្លះៗ ដែលបង្ហាញអំពីការរកឃើញនាពេលនេះ៕