(កំពង់ស្ពឺ)៖ មីជាតិបានបន្តនាំយកឧបករណ៍វាស់កម្តៅទឹកអាល់កុល សាប៊ូលាងដៃ ម៉ាស់ និងមីជាតិចំនួន ១២០កេស ចែកជូនអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា មួយទៀត នៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែមេសា ឆ្នំា២០២០។

ក្រៅពីនាំយកអំណោយខាងលើ ក្រុមការងារមីជាតិ ក៏បានបង្ហាញអំពីរបៀបពាក់ម៉ាស់ និងរបៀបលាងដៃឲ្យបានត្រឹមត្រូវ ដើម្បីការពារខ្លូនពីការឆ្លងមេរោគនានា ដល់តំណាងកុមារក្នុងមណ្ឌលកុមារ កំព្រានេះផងដែរ។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនមីជាតិ បានថ្លែងថា «ក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នា ការពារខ្លូនពីវីរុសកូវីដ១៩ ហើយក្នុងនាមជាតិសាសន៍ដូចគ្នា អ្វីដែលខ្មែរ អាចជួយគ្នាបាន យើងគួរតែជូយគ្នាទៅតាមលទ្ធភាពរបស់យើង»

លោកបន្តថា «ការចូលរួមក្នុងថ្ងៃនេះរបស់មីជាតិ គឺធ្វើឡើង ក្រោមគោលការណ៍ «ខ្មែរ ដើម្បីខ្មែរ» ដែលយើងតែងដកយកថវិកាមួយផ្នែកពីការលក់មីជាតិ ដាក់ចូលក្នុង មូលនីធី «មីជាតិ» ដើម្បីជួយដល់សង្គមខ្មែរវិញ»

លោក មឿន ចម្រើន នាយកអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា បានឲ្យដឹងថា មណ្ឌលរបស់លោកកំពុងជួបភាពខ្វះខាតទាំងសម្ភារធ្វើអនាម័យ និងស្បៀងអាហារ ដូចជាមីកញ្ចប់នេះ ហើយការចូលរួមចំណែករបស់មីជាតិនេះ ពិតជាបានជួយសម្រួលដល់មណ្ឌលរបស់លោក ជាពិសេសក្នុងអំឡុង ពេលមានការរីករាលដាល នៃវីរុសកូវីដនេះ។

នេះជាលើកទី២ហើយ ដែលមីជាតិនាំយកសម្ភារធ្វើអនាម័យ និងមីជាតិចែកជូនមណ្ឌលកុមារកំព្រា ក្នុងខែមេសានេះ។ កាលពីថ្ងៃទី៣ មីជាតិក៏បានយកសម្ភារៈដូចគ្នានេះ ជូនដល់មណ្ឌលកុមារកំព្រានៅភ្នំពេញផងដែរ។

ក្រៅពីនេះ មីជាតិក៏តែងចូលរួមក្នុងសកម្មភាពសង្គមនានាផងដែរ ដូចជាបានផ្តល់អំណោយសប្បុរសធម៌ ដល់ប្រជាជនក្រីក្រទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បរិច្ចាគទៅឲ្យកម្មវិធីសប្បុរធម៌នានា និងចូលរួមក្នុងការជំរុញឲ្យមានការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្ត។

គួរបញ្ចាក់ថា មីជាតិ គឺជាផលិតផលមីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ មានបីរសជាតិ គឺរសជាតិសាច់ជ្រូកចិញ្រ្ចាំ រសជាតិស៊ុបមាន់ និងរសជាតិខគោ ដែលត្រូវបានផលិត ដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុនទំនើបចុងក្រោយបង្អស់៕