(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចគ្មានជម្រើសណាល្អជាងការបិទមិនឱ្យធ្វើដំណើរឆ្លងរាជធានី-ខេត្តនោះឡើយ ដើម្បីធានាដល់សុវត្ថិភាពរបស់ជាតិ ពីជំងឺកូវីដ១៩។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើស្របពេលសម្តេចដាក់ចេញបទបញ្ជាបន្ទាន់មួយឱ្យបិទការធ្វើដំណើរឆ្លងរាជធានី-ខេត្ត ចាប់ពីយប់ថ្ងៃទី០៩ រហូតដល់ថ្ងៃយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។

សម្តេចតេជោ បានបញ្ជាក់លើ Facebook យ៉ាងដូច្នេះ «ដើម្បីសុវត្តិភាពរបស់ជាតិ និងជិវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វីឱ្យល្អជាងការចេញបទបញ្ជារបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តន៍នាពេលនេះដែរ»

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏សូមការយោគយល់ពីសំណាក់ជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយហាមធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ និងធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ព្រមទាំងពីស្រុកមួយទៅស្រុកមួយផងដែរ។ បំរាមនេះ ចាប់ផ្តើមអនុវត្តពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖

- ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
- រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន
- រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន
- រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
- រថយន្តពន្លត់អគ្គីភ័យ
- រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
- ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់៕