(កណ្ដាល)៖ សប្បុរសជន ២នាក់ប្ដី-ប្រពន្ធ បាននាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋក្រីក្រ រាប់រយគ្រួសារនៅទីតាំងផ្សេងគ្នា គិតចាប់តាំងថ្ងៃកើតបញ្ហាវីរុសកូវីដ-១៩ កើតមាននៅកម្ពុជាមក ខណៈពលរដ្ឋជាច្រើនគ្រួសារមកហើយ ទទួលបានកញ្ចប់ស្បៀង និងថវិការមួយចំនួន ដើម្បីបានដោះទាល់បញ្ហាមួយគ្រាៗ។

លោក មួយ ប្រាក់ពន្លឺ និងភរិយាឈ្មោះ ជា គុយទាង បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី៩ ខែមេសានេះថា ដោយឃើញពីទុក្ខលំបាក របស់ពលរដ្ឋក្រីក្រ និងចាស់ជតា ពុំអាចមានលទ្ធផល ទប់ទល់នឹងជីវភាព នៅគ្រាដែលស្ថានភាពកូវីត១៩ គួរជាទីបារម្ភណ៍នេះ លោក និងភរិយា មានចិត្តអាណិតអាសូរយ៉ាងពន់ពេក ក៏ពិគ្រោះយោបល់គ្នា ហើយក៏ម្រេចថានឹងបរិច្ចាកទានសីល ជួយដល់ជនក្រីក្រ មិនរើសអើងឡើយ ព្រោះនេះជាកាយវិការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅគ្រាដែលកំពុងលំបាក ។

លោកថា បានផ្ដល់កញ្ចប់អាហារដល់ពលរដ្ឋក្រីក្រនៅកំបូល នៅសហគមន៍ក្រីក្រនានា ព្រមទាំងតាមបណ្ដាខេត្តផ្សេងៗទៀត ដើម្បីចូលរួមជួយ ដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ និងនៅតែបន្តជួយចែកដល់អ្នកក្រីក្រជាបន្តទៀត ទៅតាមសហគមន៍នីមួយៗ ទៅតាមលទ្ធភាពដែលខ្លួនមាន។

ស្ថិតក្នុងឱកាសនៃការចែកអំនោយនេះដែរ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យមានកាតប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ដោយស្នាក់នៅផ្ទះ ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាល់កុល ឬទឹកសម្លាប់មេរោគ ហូបស្អាត ផឹកស្អាត និងអនាម័យជាប្រចាំ។

លោកក៏អំពាវនាវដល់អ្នកមានទ្រព្យធន មេត្តាជួយបរិច្ចាគដល់អ្នកក្រក្រីផង នៅគ្រាដែលកំពុងលំបាកនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជាយើង ក្រោមម្លប់សន្តិសុខ នៃការដឹកនាំរបស់សម្ដេចតេជោ បានជួយខ្នះខ្នែងជួយដល់ប្រជាជនគ្រប់ទិសទីមិនគិតនឿយហត់ឡើយ៕