(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ប្រាប់ដល់គ្រប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ បន្ដធ្វើការងារជាធម្មតា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរឆ្នាំ២០២០នេះ។

ការណែនាំដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ស្ដីពីការលើកពេលថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំ២០២០។

យោងតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា «សូមជម្រាបលោក, លោកស្រី, អគ្គនាយក, អគ្គនាយិកា, នាយក, នាយិកា, គ្រប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ឲ្យបានជ្រាបថា ការឈប់សម្រាកចំនួន៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៣, ១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ត្រូវបានលើកពេល។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចំនួនត្រូវសង ការឈប់សម្រាកចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះចំនួន៥ថ្ងៃ ជូនវិញនៅពេលវេលាសមស្របណាមួយ»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យមួយ សម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

បើតាមអនុក្រឹត្យនេះ, នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់សម្រាកដើម្បីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងប្រតិទិនឈប់សម្រាកឆ្នាំ២០២០ មន្រ្តីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញការងារដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់សម្រាកឡើយ៕