(កណ្តាល)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់គិតគូរយកចិត្តទុកដាក់ ជាពិសេសអំពីគុណភាពសំណង់ នៃ អគារ គ្រប់ប្រភេទ ធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវតាមស្តង់ដារដែលបានព្រមព្រៀងគ្នា ដើម្បីធានាបាននូវ គុណប្រយោជន៍ ប្រើប្រាស់យូរអង្វែងក្នុងការបម្រើឱ្យវិស័យពិការភាពនៅកម្ពុជា។

ការលើកឡើងនេះ បានធ្វើឡើងខណៈលោក វង សូត បានអញ្ជើញចុះសំណេះសំណាល និងពិនិត្យកាដ្ឋានសាងសង់ មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នាភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអតីតមណ្ឌលបន្ទាយព្រាប។

នៅក្នុងឱកាសនោះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានឱ្យដឹងថា អាគារសំខាន់ៗ ដែលនឹងត្រូវសាងសង់ នៅក្នុងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើងដោយ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានគោលដៅប្រមូលផ្តុំការផ្តល់សេវាជូនជនមានពិការភាព ប្រកបដោយ ស្តង់ដារបច្ចេកទេសខ្ពស់ បម្រើឱ្យវិស័យពិការភាព ស្របតាមតំរូវការរបស់បងប្អូនមានពិការភាព ដែលមានទីតាំងស្ថិត នៅលើផ្ទៃដីទំហំ ៦៥៥៣០ ម៉ែត្រការ៉េ ហើយគម្រោងសាងសង់ខាងលើនេះ រួមមាន៖ អាគារពាណិជ្ជកម្ម ទីចាត់ការ អាគារដ្ឋបាល អាគារស្តារនីតិសម្បទា ទីលានបាល់ទាត់ វេទិកា សាលមហោស្រព អាហារដ្ឋាន អាគារស្នាក់នៅ អាងហែលទឹក រោងសិប្បកម្ម អាគារដ្ឋបាល រោងចក្រ អាគារការិយាល័យ សិប្បកម្ម ផលិតទឹកបរិសុទ្ធ ស្រះទឹក និងសួនកុមារ។

ជាការកត់សម្គាល់ នេះគឺជាគម្រោងជាប្រវត្តិសាស្ត្រមួយទៀត សម្រាប់វិស័យសង្គមកិច្ច នៅកម្ពុជាបន្ទាប់ពីមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី និងមជ្ឈមណ្ឌល យុវនីតិសម្បទា ដែលស្ថិតនៅ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល ដោយមណ្ឌលសម្រាប់បម្រើ វិស័យពិការភាពកន្លងមក មានជា លក្ខណៈ ជាផ្នែកៗ ពោលគឺមិនមែនជា លក្ខណៈ ប្រមូលផ្តុំហើយក៏មិនមែនជាលក្ខណៈ ស្តង់ដារបែប នេះឡើយ។

ក្នុងការចុះពិនិត្យគម្រោងខាងលើ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏បានស្នើដល់ក្រុមហ៊ុនដែលទទួលការសាងសង់ ត្រូវសាងសង់សំណង់អគារឱ្យមានគុណភាពខ្ពស់ ធ្វើយ៉ាងណាអនុវត្តឱ្យ បានត្រឹមត្រូវតាមបទដ្ឋាន និងស្តង់ដារ ដែលបានព្រមព្រៀងគ្នា ដើម្បីធានាគុណប្រយោជន៍ប្រើប្រាស់យូរអង្វែងក្នុងការ បម្រើឱ្យវិស័យពិការភាពនៅកម្ពុជា។

ទន្ទឹមនឹងការចុះពិនិត្យគម្រោងខាងលើ រដ្ឋមន្ត្រី វង សូត ក៏បានជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ ចំនួន២០០នាក់ ដែលកំពុងបំពេញការងារក្នុងការដ្ឋានសាងសង់មជ្ឈមណ្ឌល និងបានផ្តាំផ្ញើដល់ បងប្អូនបុគ្គលិក កម្មករឱ្យ យកចិត្តទុកដាក់ការថែទាំសុខភាព និងវិធីបង្ការការឆ្លងរីករាលដាលពីជំងឺកូវីដ-១៩ ដោយត្រូវជៀសវាងការប្រមូលផ្តុំ ជាពិសេស ត្រូវយកចិត្តទុកដាក់អនុវត្តតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការលើកពេលនៃការឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយរាជរដ្ឋាភិបាលនឹងផ្តល់ការឈប់សម្រាកនៅពេលវេលាសមស្រប ជូនបងប្អូនវិញ។

ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី វង សូត ក៏បាននាំយកអំណោយ ចែកជូនដល់កម្មករ កម្មកានីសំណង់ ក្នុងកាដ្ឋាន និងបុគ្គលិកបម្រើការទីនះ ចំនួន ២០០នាក់ ដោយម្នាក់ៗទទួលបានក្រមា១ និងថវិកាចំនួន១០០.០០០រៀល៕