(ភ្នំពេញ)៖ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ទីក្រុងសិនជិន នៃប្រទេសចិន បានហាមឃាត់ការបរិភោគសាច់សត្វឆ្កែ និងឆ្មារ ដែលជាផ្នែកមួយនៃ ការរឹតបន្ដឹងយ៉ាងទូលំទូលាយលើការ ជួញដូរសាច់សត្វ ប៉ុន្តែបើក្រលេកមើលទៅប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ការហូបសាច់ឆ្កែ និងឆ្មារ កំពុងតែមានការកើនឡើង គួរឱ្យព្រួយបារម្មណ៍។ នេះបើយោងតាមការបញ្ជាក់ពីលោកស្រីវេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជាពេទ្យសត្វ និងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថា របស់អង្គការ FOUR PAWS ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ។

អង្គការ FOUR PAWS ព្រមានពីគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងររបស់មនុស្សដោយការរីករាលដាលនៃជំងឺឆ្កែឆ្កួត ដែលមិនអាចគ្រប់គ្រងបាន ដែលជំងឺនេះគ្រាន់តែជាជំងឺមួយ ក្នុងចំណោមជំងឺជាច្រើនទៀត។ លក្ខខណ្ឌមិនមានអនាម័យទាក់ទងនឹងការជួញដូរសាច់សត្វឆ្កែ និងឆ្មារ បូករួមជាមួយហានិភ័យ នៃការចម្លងរោគ ដោយសារមានសត្វផ្សេងៗគ្នា ជាច្រើនដែលត្រូវបានគេដាក់ក្នុងទ្រុង និងសម្លាប់នៅក្បែរគ្នា វាបង្ហាញថាជាកន្លែងសម្រាប់បង្កាត់ជំងឺថ្មីៗ និងដ៏សាហាវជាច្រើនដូចជាជំងឺកូវីដ១៩ជាដើម។

លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា បើទោះបីជាប្រជាជនភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មាក៏ដោយ ក៏ការជួញដូរសត្វ មានប្រហែលជិត ១០លានក្បាលក្នុងមួយឆ្នាំ នៅតែបន្តធ្វើអាជីវកម្មដដែល។ ការជួញដូរដែលកំពុងរីករាលដាល និងទីផ្សារសត្វរស់នៅទូទាំងអាស៊ីអាគ្នេយ៍ គឺខិតជិតទៅរកភាពមិនអាចគ្រប់គ្រងបានហើយ ប្រសិនបើរដ្ឋាភិបាលនៃប្រទេសស្ថិតក្នុងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ មិនបានចាត់វិធានការ ហើយបិទទីផ្សារឃោរឃៅទាំងនេះទេ។

លោកស្រីវេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ បានបញ្ជាក់ទៀតថា ក្នុងកំឡុងពេលមានជំងឺរាតត្បាត អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ៧០%នៃភ្នាក់ងារ បង្កជំងឺដែលបង្កឱ្យមានជំងឺទូទាំង ពិភពលោក ត្រូវបានរកឃើញក្នុងរយៈពេល ៥០ឆ្នាំកន្លងមក គឺកើតចេញពីសត្វ។ ទោះបីជាមានហានិភ័យសុខភាពសាធារណៈក៏ដោយការជួញដូរសត្វ និងម្ចាស់ភោជនីយដ្ឋានសាច់ឆ្កែ និងឆ្មារ ជាច្រើនបានរាយការណ៍ថា អាជីវកម្មនេះពិតជាមានការ កើនឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ។

លោក ការ៉ាន់ គូគ្រិចចា ប្រធានគម្រោង «បញ្ចប់អាជីវកម្មសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍» របស់អង្គការ FOUR PAWS បានបញ្ជាក់ដែរថា ការប្រយុទ្ធប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មារបស់អង្គការ FOUR PAWS ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែ និងឆ្មារ ដ៏សាហាវនេះប្រកបដោយនិរន្តរភាពនៅអាស៊ីអាគ្នេយ៍ អង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការមួយ នៅថ្នាក់អន្តរជាតិ និងថ្នាក់ជាតិ។ តាមរយៈការងារ នឹងកិច្ចសហប្រតិបត្តិការអប់រំជាមួយអាជ្ញាធរ ដែលមានទំនួលខុសត្រូវ និងសមាគមទេសចរណ៍គោលដៅ គឺដើម្បីឱ្យរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ ណែនាំច្បាប់ការពារសត្វ ដែលអាចនឹងបញ្ចប់ការចាប់ សម្លាប់ និងការប្រើប្រាស់សាច់ឆ្កែ និងឆ្មារ។

អង្គការ FOUR PAWS គាំទ្រដល់អង្គការសុខុមាលភាពសត្វក្នុងស្រុក និងសហគមន៍ជាមួយនឹងកម្មវិធីថែរក្សាសត្វអនាថា និងសូមលើកទឹកចិត្តដល់ប្រទេសក្នុង តំបន់អាស៊ីអាគ្នេយ៍ ចាត់វិធានការដើម្បីធានាថា ការជួញដូរសាច់សត្វឆ្កែ និងឆ្មារ មិនមែនជាប្រភពនៃជំងឺតទៅទៀត ដែលជាផ្នែកមួយនៃការការពារប្រជាជនរបស់ខ្លួន និងសហគមន៍ពិភពលោកទាំងមូល។

លើសពីនេះទៀត អង្គការ FOUR PAWS បានដាក់ញត្តិប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មារ ដែលត្រូវបានចុះហត្ថលេខា ដោយអ្នកគាំទ្រជាង ៦៤ម៉ឺននាក់ នៅទូទាំងពិភពលោកចាប់តាំងពីបានចាប់ផ្តើមកាលពីចុងឆ្នាំមុន៖ https://help.four-paws.org/en/end-dog-and-cat-meat-trade-southeast-asia (https://help.four-paws.org/en/end-dog-and-cat-meat-trade-southeast-asia) ៕