(ប៉ៃលិន)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះ ពិនិត្យមើល និងសម្របសម្រួលការរុះរើសំណង់នៅលើដីចំណីផ្លូវ ដែលកំពុងស្ថាបនាប្រវែង ៧គីឡូម៉ែត្រ ជាប្រភេទកៅស៊ូ DBST ទៅកាន់រម្មណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដើម្បីលើកកំពស់សោភ័ណ្ឌភាព សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត។

លោក ផាន់ ចាន់ធុល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្រជាដើម។

លោកថា «បច្ចុប្បន្ននេះរដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ជាពិសេសអភិវឌ្ឍន៍តំបន់រម្មណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្ត ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង»

ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ និងរស់នៅសងខាងផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ជាពិសេសសំណង់ដែលរំលោភលើដីចំណីផ្លូវ ធ្វើយ៉ាងណាឱ្យការស្ថាបនាផ្លូវនេះ បានឆាប់រហ័សទៅតាមផែនការគ្រោងទុក និងសោភ័ណភាព ព្រមទាំងចូលរួមជួយថែរក្សាទាំងអស់គ្នា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា រម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៧ជាន់ ហើយមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕