(សៀមរាប)៖ ខ្លោងទ្វារខ្មោច គឺជាខ្លោងទ្វារខាងកើតរបស់អង្គរធំ (រាជធានីនេះបានកសាងឡើងតាំងពីចុងស.វទី៩ ដោយព្រះបាទយសោវរ្ម័នទី១ ដែលពីមុនមានឈ្មោះថា យសោធរបុរ ឬគ្រីយសោធរបុរតាមសិលាចរិតសម័យកណ្ដាលខ្លះទៀតហៅឈ្មោះថា មហានគរ ឬ ឥន្ទ្រប្រស្ថបុរី)។​

នៅពេលអ្នកចូលតាមច្រកខ្លោងទ្វារទន្លេអុំ មកត្រង់ដល់ប្រាសាទបាយ័នបត់ស្ដាំបានបន្ដិចហើយបត់ឆ្វេង បានបន្ដិចទៀតអ្នក​នឹងដល់ផ្លូវឡើងទៅប្រាសាទបាយ័ននៅខាងឆ្វេងដៃ នោះអ្នកក្រឡេកមកស្ដាំដៃវិញ អ្នកនឹងឃើញផ្លូវមកកើតត្រង់ដ៏រដាក់រដុបហើយមានសភាពស្ងាត់បន្ដិច អ្នកធ្វើដំណើរតាមផ្លូវហ្នឹងប្រហែលមួយស្របក់ អ្នកនឹងមកដល់ខ្លោងទ្វារខ្មោចមិនខាន (ឮថាមកដល់ខ្លោងទ្វារខ្មោចហាមរត់ចោលគ្នាវ៉ើយ។

ឈ្មោះនេះប្រហែលជាអាចធ្វើឱ្យអ្នកខ្លាចរអារ មិនចង់ទៅទស្សនា ប៉ុន្តែភាពស្រស់ស្អាតនៃខ្លោងទ្វារនេះមិនចាញ់ខ្លោងទ្វារផ្សេងឡើយ ការដាក់ឈ្មោះនេះក៏ព្រោះតែទ្វារព្រះនគរមួយនេះ គឺជាច្រកសម្រាប់ពិធីដង្ហែរសពរបស់អ្នករស់នៅខាងក្នុងទៅបូជា ឬចោលទៅក្នុងទឹកស្ទឹង នាសម័យនោះ។ អមសងខាងច្រកចូលខ្លោងទ្វារទាំងក្នុងនិងក្រៅ មានចម្លាក់ដំរីក្បាលបីដែលមានទេវរូបគង់ពីលើ ហើយប្រមោយមានផ្កាឈូកជាច្រើន ហាក់បីដូចដង្ហែត្រៀមថ្វាយពិធីអ្វីមួយអ៊ីចឹង។ កំពូលខ្លោងទ្វារនេះជាព្រះកេសរបស់ព្រះពោធិសត្វលោកេស្វរៈ ដែលមានព្រះភ័ក្របួន សម្លឹងទៅទិសទាំងបួន (ទិសខាងលិច កើត ជើង និងទិសខាងត្បូង) ។ ខាងកើតជាប់នឹងខ្លោងទ្វារនេះ មានប៉មពីរអមសងខាង​ច្រកចូលក្នុងរាជធានីអង្គរធំ ប្រហែលជា ទីកន្លែងសម្រាប់ពលសេនាយាមនាសម័យនោះហើយមើលទៅ។ ខាងកើតខ្លោងទ្វារនេះប្រហែល ៥០ម មានស្ទឹងមួយដែលរដូវប្រាំងមានទឹកហូររឹមៗ ត្រជាក់គួរជាទីពេញចិត្ត...។ល។ ( អូរ អក្ខរា )

សូមមកទស្សនារូបភាពខាងក្រោម៖