(ភ្នំពេញ)៖ ក្នុងកាលទេសៈដែលប្រទេសកម្ពុជា រួមគ្នាប្រយុទ្ធនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តផ្តល់សេវាហិរញ្ញវត្ថុ ជូនអតិថិជន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងចូលរួមចំណែកក្នុងការអនុវត្តវិធានការ និងការណែរនាំនានា របស់ក្រសួងសុខាភិបាល។

គ្រឹះស្ថានបានដាក់ចេញវិធានការ ការពារសុខុមាលភាពអតិថិជន ព្រមទាំងបុគ្គលិករបស់ខ្លួនផងដែរ ជាពិសេស អេ អឹម ខេ បានណែនាំអតិថិជនរបស់ខ្លួនឲ្យប្រើប្រាស់ សេវាហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទដៃ AMK Mobile App ដើម្បីចូលរួមចំណែកអនុវត្តតាមគោលការណ៍ ណែនាំគម្លាតសង្គម របស់ក្រសួងសុខាភិបាល។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានលើកឡើងថា «យើងនៅតែបន្តផ្តល់សេវាកម្មល្អ ជូនដល់អតិថិជនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដោយគំាទ្រទាំងស្រុង និងអនុវត្តនូវវិធានការនានា ដែលចេញដោយក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងនេះ»

លោកបន្ដថា «ជាក់ស្តែងដើម្បីជៀងវាង ការជួបគ្នាដោយផ្ទាល់ អេ អឹម ខេ បានដាក់ឲ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទដៃ AMK Mobile App ដែលអាចឲ្យអតិថិជន ធ្វើការទូទាត់ទំនិញ បង់វិក្កយបត្រ ទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ ផ្ទេរប្រាក់ ត្រួតពិនិត្យសាច់ប្រាក់នៅក្នុងគណនីរបស់ខ្លួន ក៏ដូចជាធ្វើប្រតិបត្តិការផ្សេងៗ នៅគ្រប់ទីកន្លែង និងពេលវេលា»

ប្រធាននាយកប្រតិបត្តិរូបនេះ បានសង្កត់ធ្ងន់ផងដែរថា «សុខុមាលភាព និងសុវត្ថិភាពអតិថិជន និងបុគ្គលិកជាទ្រព្យដ៏មានតម្លៃរបស់យើង។ កន្លងមក យើងបានចូលរួម ផ្សព្វផ្សាយ និងក្រើនរំលឹកជាប្រចាំនូវវិធីសាស្រ្តការពារខ្លួន និងកាត់បន្ថយហានិភ័យដល់បុគ្គលិក អតិថិជន ក៏ដូចជាសាធារណជនទូទៅ តាមរយៈសារអប់រំផ្សេងៗ ជារូបភាព និងវីដេអូអប់រំខ្លី ដែលធ្វើឡើងតាមបណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មានផ្សេងៗដែលជាដៃគូ អេ អឹម ខេ»។

លោកបានបន្តទៀតថា ជំនួសឲ្យការតក់ស្លុត និងភ័យខ្លាចខ្លាំង លោកសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យស្វែងយល់ពីជំងឺឆ្លងនេះឲ្យច្បាស់ និងចូលរួមអនុវត្តវិធីការពារទាំងអស់គ្នា ដើម្បីការពារខ្លួន គ្រួសារ និងសង្គមជាតិពីជំងឺនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកសូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្រសួងដែលពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ដែលបានប្តេជ្ញា និងប្រឹងប្រែងធ្វើការងារយ៉ាងសស្រាក់សស្រាំ និងមិនគិតពីការនឿយហត់ ក្នុងការជួយការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។

គួរបញ្ជាក់ផងដែរថា គ្រប់អតិថិជន និងបុគ្គលិក អេ អឹម ខេ ទាំងអស់ គឺត្រូវស្នើសុំឲ្យ វាស់កម្តៅខ្លួន និងលាងដៃនឹងទឹកអាល់កុលជាមុនសិន មុននឹងអនុញ្ញា តឲ្យចូលទៅខាងក្នុងការិយាល័យ។ បន្ថែមលើនេះទៀត នៅគ្រប់ការិយាល័យ អេ អឹម ខេ ទាំងអស់ គឺត្រូវបានរៀបចំកាលវិភាគ ដើម្បីសម្អាតយ៉ាងដិតដល់ បាញ់ថ្នាំសម្លាប់មេរោគ និងអនុវត្តវិធានការការពារផ្សេងៗយ៉ាងហ្មត់ចត់ផងដែរ។

មកទល់បច្ចុប្បន្ននេះ អតិថិជនទាំងអស់ នៅតែអាចធ្វើប្រតិបត្តិការបានដោយរលូន នៅតាមបណ្តាញប្រតិបត្តិការ ទូទាំងប្រទេស ដូចជានៅតាម ការិយាល័យ ម៉ាស៊ីនដក-ដាក់ប្រាក់ដោយស្វ័យប្រវត្តិ តាមភ្នាក់ងារ ជាពិសេសគឺកម្មវិធីទូរស័ព្ទដៃ AMK Mobile App ដែលអាចឲ្យគាត់ធ្វើប្រតិបត្តិការ បានយ៉ាងទូលំទូលាយ ដោយមិនចាំបាច់កាន់សាច់ប្រាក់ផងដែរ៕