(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៅទៀត ជាពិសេសបន្តអនុវត្តន៍កំណែទម្រង់គ្រប់វិស័យ នេះបើតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅវេលាថ្ងៃត្រង់នេះ។

នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត បានអញ្ជើញចូលរួមក្នុងទិវារំលឹកខួបទី៣៧ នៃទិវាជ័យជំនះ ៧មករា ជាមួយសមាជិកសមាជិកា និងប្រជាពលរដ្ឋរាប់ពាន់នាក់នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជាក្នុងខ័ណ្ឌចំការមន រាជធានីភ្នំពេញ ។

៧ មករា បានធ្វើឲ្យប្រទេសជាតិរស់ឡើងវិញ និងស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ទោះបីជារយៈពេល ៣៧ឆ្នាំ បានកន្លងផុតទៅហើយក្តី ក៏ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅតែរស់រវើកជានិច្ច ក្នុងដូងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូបដែលស្នេហាសន្តិភាព សេរីភាព និងយុត្តិធម៌ទាំងអស់លើពិភពលោក។

ពិធីបុណ្យរំលឹកទិវាជ័យជំនះ ៧មករា ជាប្រវត្តិសាស្រ្តថ្ងៃនេះ គឺក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដ៏ច្រើនឥតគណនា ដែលបានប្រយុទ្ធ និងពលីកម្មយ៉ាងអង់អាច ក្លាហានបំផុត ក្នុងការរំដោះប្រទេសកម្ពុជាពី របបប្រល័យពូជសាសន៍ ។ យើងទាំងអស់គ្នា សូមលំឱនកាយគោរពដួងវិញ្ញាណក្ខន្ធរបស់ប្រជាជនជនរួមជាតិយើងជាងបីលាននាក់ ដែលបានត្រូវសម្លាប់យ៉ាងអយុត្តិធម៌បំផុត ក្រោមរបបប្រល័យពូជសាសន៍ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងព្រលឹង របស់លោកអ្នកទាំនោះ បានទៅកាន់សុគតិភព ជារៀងរហូត។

ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នកំពុងរស់នៅប្រកប ដោយសុទិដ្ឋិនិយមជាមួយក្តីសោមនស្សរីករាយក្រៃលែង ចំពោះសមិទ្ធផលដែលបានកើត ឡើងជាបន្តបន្ទាប់ក្រោយថ្ងៃរំដោះ ៧ មករា។ ខឿនឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ត្រូវបានការពារមោះមុតស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរ ទោះបីជាមានការរំខានពីសកម្មភាពនយោបាយខ្លះៗក្តី។

ក្នុងនាមជា ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចិត្តក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសបន្តអនុវត្តន៍កំណែទម្រង់គ្រប់វិស័យដែលបានកំណត់ក្នុងយុទ្ឋសាស្ត្រចតុកោណ ដោយតាំងចិត្តខ្ពស់ដើម្បីលើកកំពស់ និងអភិបាលកិច្ចល្អរបស់ស្ថាប័ន និងគ្រប់ផ្នែកព្រមទាំងផ្ដល់សេវាសាធារណះគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ឋិភាព តម្លារភាព និងគុណភាពសំរាប់ការរស់នៅរបស់ប្រជាជន។

នៅចុងបញ្ចប់នៃពិធី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបាច់ផ្កាអបអរសាទពីបណ្ដាស្ថាប័នផ្សេងៗ ស្ថានទូត និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ព្រមទាំងបានព្រលែងព្រាបសន្តិភាព និង បង្ហោះប៉ោងប៉ោងក្នុងបរិយាកាសរីករាយក្រៃលែង៕