(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ ប៉ោ ភក្តិ ប្រធានក្រុមការងារចុះជួយឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញដឹកនាំសមាជិក សមាជិកា ប្រារព្ធពិធីអបអរខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០១៦) ដែលរៀបចំឡើងនៅក្នុងឃុំគោកខ្ចក ស្រុកកំពង់ត្របែក ជាមួយប្រជាពលរដ្ឋជាច្រើននាក់ចូលរួម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ប៉ោ ភក្តិ បាននាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែ ព្រួយបារម្ភពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ជាមួយគ្នានេះ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋចំពោះ ថ្ងៃ៧ មករា កុំឲ្យមានការយល់ច្រឡំ ឬចាញ់បោកការឃោសនាផ្សេងៗ របស់ជនអគតិមួយចំនួន ដែលតែងតែឃោសនាបោកប្រាស់ ប្រជាពលរដ្ឋតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ ប៉ោ ភក្តិ បានបញ្ជាក់ទៀតថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់យើងគ្រប់គ្នា ដែលមិនអាចបំភ្លៃការពិតឡើយ បើគ្មានថ្ងៃ៧មករាឆ្នាំ១៩៧៩ទេ គឺគ្មានអ្វីៗទាំងអស់រហូតដល់សព្វថ្ងៃនេះឡើយ៕