(​សេ​អ៊ូ​ល​)៖ យោង​តាម​ព័ត៌មាន​សារព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៦​នេះ បានឲ្យដឹងថា រដ្ឋាភិបាល​កូរ៉េខាងត្បូង និង​សហរដ្ឋ​អាម៉េរិក មាន​គម្រោង​ក្នុង​ការថែរក្សា​នូវ ទំនាក់ទំនង​ជិតស្និទ​ជាមួយគ្នា បន្ទាប់ពី​មាន​បំផ្ទុះ​សាកល្បង​គ្រាប់​មី​ស៊ី​ល​ទី​៤ របស់​ប្រទេស​កូរ៉េខាងជើង នេះ​បើ​តាម​ការបញ្ជាក់​ពី ក្រសួងការបរទេស​កូរ៉េខាងត្បូង បានឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង លោក Yun Byung-se បាន​ជួប​ជាមួយ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក ប្រចាំ​នៅ​កូរ៉េខាងត្បូង លោក Mark Lippert និង​មេបញ្ជាការ​កងទ័ព​អាម៉េរិក​-​កូរ៉េ (USFK) នៅ​ទីស្នាក់ការ​ក្រសួង ដើម្បី​ពិភាក្សា​គ្នា​ពី​របៀប​ប្រឆាំង​នូវ​អ្វី ដែល​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ជា​លើកដំបូង​របស់​ខ្លួន​។​

​នៅក្នុង​ជំនួប​នេះ លោក Yun បាន​លើកឡើង​ថា ភាគី​ទាំងពីរ នឹង​រក្សា​នូវ​ភាពរឹងមាំ​ក្នុងការ​ការពារជាតិ ស្របទៅនឹង​កិច្ចសហប្រតិបត្តិការ រវាង​អាជ្ញាធរ​ការបរទេស និង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ ដើម្បី​ចាត់វិធានការ​ទ្វេរ​ភាគី និង​ពហុភាគី ក្នុងនោះ​រួម​បញ្ចូល​ទាំង ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​ភាពចាំបាច់​ក្នុង​ការឆ្លើយតប ទៅ​នឹង​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែ របស់​កូរ៉េ​ខាងជើង​។

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី Park Geun-hye បាន​ប្តេជ្ញា​ក្នុងការ​ធ្វើឲ្យ​កូរ៉េខាងជើង បង់ថ្លៃ​ទទួលខុសត្រូវ លើ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែ​របស់ខ្លួន ខណៈ​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល និង​អន្តរជាតិ បាន​ព្រមាន​ប្រឆាំង​ជា​ថ្មី​ម្តងទៀត លើ​ការបាញ់​សាកល្បង​នេះ​៕​