(អាល្លឺម៉ង់)៖ គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានអនុម័តនូវគម្រោង ក្នុងការបញ្ជូនកងទាហានចំនួន ៦៥០នាក់ ទៅកាន់ប្រទេសម៉ាលី ដើម្បីបង្កើននូវបេសកម្ម ថែរក្សាសន្តិសុខរបស់ខ្លួន នៅក្នុងប្រទេសស្ថិត​ ក្នុងតំបន់ទ្វីបអាហ្រ្វិកភាគខាងលិចមួយនេះ ដែលកំពុងរងនូវអំពើហិង្សា ពីសំណាក់ក្រុមឧទ្ទាមឥស្លាមនិយម នេះបើតាមព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ។

គណៈរដ្ឋមន្រ្តី ក៏បានអនុម័តក្នុងការបង្កើននូវ ចំនួនកងទាហាន ដើម្បីទៅបង្ហាត់បង្រៀនកងកម្លាំង ជនជាតិ Kurdish Peshmerga នៅតំបន់ភាគខាងជើងអ៊ីរ៉ាក់ កើនឡើងដល់១៥០នាក់ផងដែរ។ កងកម្លាំងអាល្លឺម៉ង់មួយចំនួនធំ នឹងចាប់ផ្តើមបញ្ជូនទៅកាន់ប្រទេសម៉ាលី នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយនឹងទៅតាំងទី នៅតំបន់ភាគខាងជើងប្រទេសម៉ាលី ដែលកំពុងរងការបង្កឲ្យចលាចល ដោយក្រុមឧទ្ទាមឥស្លាមនិយម។​​ ដោយធ្វើការជាមួយនឹង កងកម្លាំងហូឡង់ ដែលកំពុងប្រតិបត្តិការនៅជំរំយោធា ក្នុងតំបន់ភាគខាងជើងទីក្រុង Gao ប្រទេសម៉ាលី ពួកគេនឹងធ្វើការស៊ើបការណ៍ និងផ្តល់ការគាំទ្រ ក្នុងការដឹកជញ្ជួន។

កងកម្លាំងអាល្លឺម៉ង់ បច្ចុប្បន្នបាននឹងកំពុងបំពេញបេសកម្ម​ ថែរក្សាសន្តិសុខរបស់ខ្លួន នៅក្នុងប្រទេសចំនួន១៣ ក្នុងនោះរួមទាំង អាហ្វហ្គានីស្ថាន និងកូសូវ៉ូ ព្រមទាំងធ្វើការត្រួតពិនិត្យ នៅសមុទ្រមេឌីទែរ៉ាណេផងដែរ៕