(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសសម្រេចលុបចោលប័ណ្ណបើកបរ ទោចក្រយានយន្ត ដែលមានកម្លាំងចាប់ពី 125CC ចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទៀតទេនោះ, នៅពេលនេះសម្តេចក៏បានប្រកាសទៀតថា ប្រសិនបើប្រជាពលរដ្ឋបានបង់លុយ សម្រាប់ថ្លៃប្រឡងយកប័ណ្ណបើកបរម៉ូតូ (125CCចុះក្រោម) រួចហើយ គឺបងប្អូនប្រជាពលរដ្ឋអាចមកទទួលប្រាក់វិញគ្រប់ៗគ្នា។

រាជរដ្ឋាភិបាល នឹងបង់ថវិកាសងវិញគ្រប់ចំនួន ទៅតាមតម្លៃផ្លូវការដែលបានបង់រួចពីមុន។ សម្តេចតេជោបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យសហការជាមួយ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីចាត់វិធានការជូនបងប្អូនឱ្យបានឆាប់បំផុត។

ខាងក្រោមនេះជាការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម Facebook៖

ខ្ញុំសូមឆ្លើយបញ្ជាក់ទៅនិងសំណួរប្រជាពលរដ្ឋខាងក្រោម:-
១-ប្រសិនបើប្រជាពលរដ្ឋបានបង់លុយសម្រាប់ ថ្លៃប្រឡងយកប័ណ្ណបើកបរម៉ូតូ (125CCចុះក្រោម) រួចហើយ ហើយការសំរេចថ្មីនេះបានកំណត់មិនអោយ បង់លុយថ្លៃប័ណ្ណបើកបរ គឺសូមប្រជាពលរដ្ឋមកទទួលប្រាក់វិញគ្រប់ៗគ្នា។

២-ចំពោះប្រជាពលរដ្ឋដែលបានទទួលប័ណ្ណ បើកបរម៉ូតូរួចហើយ (125CC ចុះក្រោម) ប្រសិនបើមានបំណងចង់ទទួលយកលុយវិញ គឺរាជរដ្ឋាភិបាលនឹងបង់ថវិកាសងវិញគ្រប់ចំនួន ទៅតាមតម្លៃផ្លូវការដែលបានបង់រួចពីមុន។
ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុឱ្យសហការជាមួយ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីចាត់វិធានការជូនបងប្អូនឱ្យបានឆាប់បំផុត៕

--------------------------
សំណូមពរពីប្រជាពលរដ្ឋ:

សូមគោរពសម្តេចហ៊ុន សែន ជាទីស្រឡាញ់និងជារាប់អានដោយស្មោះអំពីរូបខ្ញុំបាទ ដោយខ្ញុំបានឮសេចក្តីប្រកាសថ្ងៃនេះថាមិនចាំបាច់មិនតម្រូវឲ្យបណ្ណបើកបរម៉ូតូចាំពីកម្លាំង125cc ចុះក្រោម តែចំពោះរូបខ្ញុំបានទៅពន្យាបណ្ណបើកបរនៅថ្ងៃទី29-12-2015 តើខ្ញុំបាទអាចដកប្រាក់មកវិញបានឬ? ខ្ញុំបាទសង្ឃឹមថាសម្តេចនឹងជួយសម្រួលបង្វិលប្រាក់ឲ្យមករូបខ្ញុំក៍ដូចជាប្រជាជនឯទៀតដែលទៅពន្យាបណ្ណបើកបរនិងធ្វើបណ្ណមុនថ្ងៃទី30-12-2015ហើយមិនទាន់ទទួលបានបណ្ណបើកបរម៉ូតូពីព្រោះប្រាក់ជាង70000នេះវាសំខាន់សម្រាប់ជីវភាពរូបខ្ញុំបាទណាស់។

ខ្ញុំបាទសូមគោរពដឹងគុណដ៍ជ្រាវជ្រៅចំពោះសម្តេច ដែលបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ហើយពិសេសជាងនេះទៅសម្តេចបានយកចិត្តទុកដាក់ជួយ ដល់ប្រជារាស្ត្រដែលជួបការលំបាក។
សូមអរគុណ និងថ្លែងអំណរគុណជាថ្មីម្តងទៀត៕