(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះថា ចាប់ពីថ្ងៃទី០៨ ខែមេសា ស្អែកនេះ អាជ្ញាធរថៃមិនអនុញ្ញាតឱ្យមនុស្សឆ្លងកាត់ព្រំដែនអូរស្មាច់-ឆងចម ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យទៀតនោះឡើយ។

លោក ប៉ែន កុសល្យ បានប្រាប់ Fresh News ថា នៅថ្ងៃទី០៧ ខែមេសា នេះ លោកបានជួបពិភាក្សាការងារជាមួយអភិបាលខេត្តសុរិន្ទ លោក កៃសន កងឆ្លាត ដើម្បីរិះរកវិធីដោះស្រាយបញ្ហាប្រឈមមួយចំនួនសម្រាប់ខេត្តទាំងពីរក្នុងពេលជួបវិបត្តិដោយសារជំងឺកូវីដ១៩។

ក្នុងជំនួបនេះភាគីថៃបានជម្រាបពីចំណាត់ការរបស់អាជ្ញាធរថៃក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយតម្រូវឱ្យបិទព្រំដែនជាមួយប្រទេសកម្ពុជា។ អភិបាលខេត្តសុរិន្ទ បានបញ្ជាក់ថា ការបិទព្រំដែនរវាងខេត្តសុរិន្ទ និងខេត្តឧត្តរមានជ័យ ចាប់ផ្តើមពីថ្ងៃទី០៨ ខែមេសា តទៅ។

បើទោះបីជាយ៉ាងណាលោកអភិបាលខេត្តសុរិន្ទ បានបញ្ជាក់ដែរថា ក្នុងករណីមានប្រជាពលរដ្ឋ និងពលករខ្មែរដែលមកខកដំណើរនៅព្រំដែន ឬក្បែរតំបន់ព្រំដែន អាជ្ញាធរខេត្តទាំងពីរត្រូវជួបពិភាក្សាគ្នារកដំណោះស្រាយជាក់ស្តែងជាបន្ទាន់ជាថ្មីភ្លាម។ រីឯការដឹកទំនិញពាណិជ្ជកម្ម ដើម្បីរក្សាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរីករាល​ដាលនៃជំងឺកូវីដ១៩ ការដឹកទំនិញឆ្លងដែន ត្រូវប្រគល់សមត្ថកិច្ចឱ្យគយប្រចាំច្រកនៃភាគីទាំងពីរពិភាក្សាលម្អិតអំពីនីតិវិធីនៃការផ្ទេរទំនិញជាក់ស្តែង។

បើតាមលោក ប៉ែន កុសល្យ នៅក្នុងជំនួបនេះលោកបានលើកសំណើមួយចំនួនទៅកាន់ភាគីថៃ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ លោកអភិបាលខេត្ត ក៏បានស្នើភាគីថៃ បន្តជួយរក្សាសុខ សុវត្ថិភាព និងសុខមាលភាពជូនពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ។ ពិសេសអ្នកដែលអាចស្នាក់នៅហួសទិដ្ឋាការកំណត់ក្នុងអំឡុងពេលនៃវិបត្តិជាសកលដ៏អាក្រក់នេះ។

លោកអភិបាលខេត្ត ក៏បានស្នើថៃជួយថែរក្សា និងការពាររាល់ទ្រព្យសម្បត្តិ និងកម្មសិទ្ធិឯកជនស្របច្បាប់របស់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងពលករខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ។ លោកក៏បានស្នើថៃ បន្តទាក់ទងគ្នាជាប់ជាប្រចាំ និងសហប្រតិបត្តិការល្អ ពិសេសជូនព័ត៌មានគ្នាទៅវិញទៅមកពេលមានការវិវត្តប្រែប្រួលនានាឲ្យបានទាន់ពេលវេលា។

លោក ប៉ែន កុសល្យ បានលើកឡើងផងដែរថា ក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនៃការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩នេះ អាចនឹងមានប្រជាពលរដ្ឋ និងពលករខ្មែរមួយចំនួនក្តាប់មិនបានពីគោលការណ៍ និងវិធានការសន្តិសុខរបស់រាជរដ្ឋាភិបាលថៃ។ លោកបានស្នើថា ប្រសិនបើកើតមានករណីនេះសូមអាជ្ញាធរថៃមានការយោគយល់ និងអធ្យាស្រ័យក្នុងន័យមនុស្សធម៌ខ្ពស់។

សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ តាមរយៈច្រកព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកព្រំដែនអន្តរជាតិជា មានប្រជាពលរដ្ឋខ្មែរចេញមកពីប្រទេសថៃចំនួន ១,២៥០នាក់ នារី ៥៦៦នាក់។ ប្រជាពលរដ្ឋឆ្លងដែននេះ អ្នកនៅខេត្តឧត្តរមានជ័យ ១២០នាក់ ក្រៅពីនោះមានស្រុកកំណើតនៅខេត្តដទៃ។

លោក ប៉ែន កុសល្យ បានឱ្យដឹងថា អ្នកឆ្លងដែន ១,២៥០នាក់នេះ មានមនុស្ស៥នាក់ ត្រូវបានយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩។ មនុស្សទាំង៥នាក់ ដែលបានយកសំណាកទៅពិនិត្យនេះ មានអ្នកខេត្តឧត្តរមានជ័យ១នាក់ បន្ទាយមានជ័យ៣នាក់ និងខេត្តបាត់ដំបង១នាក់។

សូមបញ្ជាក់ដែរថា ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩នោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ក៏បានដឹកនាំក្រុមការងារឈរជើងនៅតាមច្រកព្រំដែន ដើម្បីពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ និងបានណែនាំឱ្យពួកគេដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ការពារកុំឱ្យមានការចម្លងមេរោគទៅក្រុមគ្រួសារ និងអ្នកនៅក្នុងភូមិជាមួយគ្នា។

លោកទេសរដ្ឋមន្ត្រី ក៏បាននាំក្រុមបច្ចេកទេសរៀបចំថ្នាំបាញ់សម្លាប់មេរោគនៅច្រកព្រំដែនអូរស្មាច់ និងបានចែកម៉ាសដល់ពលរដ្ឋខ្មែរចេញពីថៃផងដែរ៕