(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចសម្រេចដំឡើងប្រាក់ឧបត្ថម្ភចំពោះក្រុមគ្រូពេទ្យនៅជួរមុខ ព្រោះគ្រូពេទ្យនៅជួរមុខ មានការលះបង់ខ្ពស់ណាស់ ដែលទាមទារឱ្យពួកគាត់ក្រៅពីសុវត្ថិភាពផ្ទាល់ខ្លួនគាត់ កុំឱ្យគាត់ព្រួយបារម្មណ៍ទៅលើគ្រួសារថែមទៀត ហើយសង្ឃឹមថា ការសម្រេចដំឡើងប្រាក់ឧបត្ថម្ភនេះ នឹងមិនបង្កើតនូវការច្រណែនរបស់ក្រុមគ្រូពេទ្យដ៏ទៃទៀត នឹងផ្នែកដ៏ទៃទៀតនោះទេ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះថា «ខ្ញុំក៏សម្រេចទៅលើបញ្ហាទាក់ទិនជាមួយនឹងការឧបត្ថម្ភគ្រូពេទ្យ ដែលនឹងមានការដំឡើងចំពោះគ្រូពេទ្យ ហើយសង្ឃឹមថា ការដំឡើងចំពោះក្រុមគ្រូពេទ្យ តំឡើងប្រាក់ឧបត្ថម្ភសម្រាប់ក្រុមគ្រូពេទ្យនៅជួរមុខនេះ នឹងមិនបង្កើតនូវការច្រណែនរបស់ក្រុមគ្រូពេទ្យដ៏ទៃទៀត នឹងផ្នែកដ៏ទៃទៀតទេ ព្រោះនេះជាការលះបង់ខ្ពស់ណាស់ សម្រាប់គ្រូពេទ្យនៅជួរមុខ ដែលទាមទារឱ្យពួកគាត់ ក្រៅពីសុវត្ថិភាពផ្ទាល់ខ្លួនគាត់ កុំឱ្យគាត់ព្រួយបារម្មណ៍ទៅលើគ្រួសារ ដែលគាត់មិនបានជួបមុខរាប់ខែរួចទៅហើយនោះ»

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កងទ័ពកម្ពុជា ដែលកំពុងស្ថិតនៅប្រទេសដែលកំពុងមានការឆ្លងមាន៖ អាហ្រ្វិកកណ្តាល ម៉ាលី លីបង់ សូដង់ សូដង់ខាងត្បួង ជាពិសេសនៅលីបង់ចំនួនកើនឡើង ដូចនេះកងទ័ពកម្ពុជានៅទីនោះក៏ត្រូវតែមានការប្រុងប្រយ័ត្ន អ្នកដែលត្រូវទទួលខុសត្រូវអំពីការ ធានាសុវត្ថិភាព ត្រូវតាមពិនិត្យ ហើយមានរបាយការណ៍ជាក់លាក់ជាប្រចាំ អំពីកម្រិតនៃការថែទាំរបស់អង្គការសហប្រជាជាតិនៅទីនោះ ដើម្បីការពារពលរដ្ឋ ការពារកងទ័ពរបស់យើង នៅខាងក្រៅផងដែរ៕