(ភ្នំពេញ)៖​ ជនទំនើងម្នាក់ ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿង បានបាញ់២គ្រាប់ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច​ត្រង់ចំនុចផ្លូវ១៥០ កែងផ្លូវ២២១ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក នៅម៉ោង១២៖៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៧ ខែមករា ​ឆ្នាំ​២០១៦។

បើតាមសំដីលោកមេប៉ុស្តិ៍ផ្សារដេប៉ូទី១ បានប្រាប់ថា ករណីបាញ់បោះនេះ ពិតជាកើតមានមែន ហើយកម្លាំងសមត្ថកិច្ច កំពុងតែស្វះស្វែងស្រាវជ្រាវ រកមូលហេតុនៃការបាញ់បោះដោយសេរីនេះ។

លោកមេប៉ុស្តិ៍បានបញ្ជាក់បន្ថែមទៀតថា ករណីបាញ់បោះនេះ ពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ព្រោះជនបង្កបានជិះម៉ូតូ គេចចេញពីកន្លែងកើតហេតុ បាត់បន្ទាប់ពីបាញ់រួច ហើយក៏គ្មានសាក្សីណា អាចបញ្ជាក់បានថា វាជាករណីគំនុំ ឬទំនាស់ឲ្យច្បាស់នោះដែរ ព្រោះគ្រាន់តែលឺសូរផ្ទុះអាវុធ២គ្រាប់ ពេលចុះទៅដល់ឃើញតែសំបកគ្រាប់ ដែលបន្សល់ទុកនៅកន្លែងបាញ់តែប៉ុណ្ណោះ។

សូមជម្រាបថា ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងរនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ បានថ្លែងអះអាងថា នៅឆ្នាំ២០១៦នេះ នគរបាល និងអាវុធហត្ថ រួមទាំងអាជ្ញាធរ នឹងចាប់ផ្តើមរឹតបន្តឹងដោយពង្រឹង លើការប្រើប្រាស់អាវុធ ឱ្យកាន់តែខ្លាំង នៅរាជធានីភ្នំពេញ៕